រំជួលចិត្ត! ជីដូនកាន់ខ្សែស្នឹងគោនិងក្រមាពីខ្មែរ ដែលខំរក្សាទុកជាង ១០ ឆ្នាំទៅជូនចៅប្រុសដល់អាមេរិកក្នុងថ្ងៃទទួលសញ្ញាបត្រពីបណ្ឌិតសភាយោធាអាមេរិក
ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះមហាជនជាច្រើនតាមបណ្ដាញសង្គមមានការភ្ញាក់ផ្អើលខ្លាំង ក្រោយមានម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Moon Pich (ពេជ្រ មូន) បានរៀបរាប់បែបនេះថា “អានុស្សាវរីយ៍នៃជីវិត១០ ឆ្នាំហើយដែលលោកយាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។
ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។គាត់បានប្រាប់ខ្ញុំថាគាត់រក្សាទុក ព្រោះពេលនឹកចៅម្ដងៗ យាយយកវាមកមើលដើម្បីកុំអោយនឹកចៅពេក។ លោកយាយបន្តទៀតថា ពេលនេះយាយប្រគល់វាអោយចៅវិញហើយ ទោះទៅដល់ទីណាសូមចៅកុំភ្លេចកំណើតរបស់ខ្លួនដែលធ្លាប់ជាក្មេងឃ្វាលគោអោយសោះ។
ខ្ញុំស្ទើរស្រក់ទឹកភ្នែក ពេលលឺអ្នកមានគុណដែលបីបាច់ថែរក្សាខ្ញុំ តាំងពីទើបនឹងកើត រហូតធំពេញវ័យ មានប្រសាសន៍បែបនេះ។ វាជាកាដូដ៏មានតម្លៃបំផុតក្នុងជីវិតរបស់ខ្ញុំ។ សូមអរគុណលោកយាយជាទីគោរពស្រលាញ់របស់ចៅ”។ គួរបញ្ជាក់អោយដឹងលោក ពេជ្រ មូន បានបញ្ចប់ការសិក្សា ពីបណ្ឌិតសភាយោធាអាមេរិក បន្ទាប់ពីការសិក្សាមករយៈពេល ៤ ឆ្នាំ ដោយពិធីប្រគល់សញ្ញាបត្របានធ្វើឡើងយ៉ាងមហោឡារិក
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក្រោយពីបានឃើញបែបនេះហើយមហាជនជាច្រើនមានការរំជួលចិត្តជាខ្លាំងរហូតបានចូលទៅខមិនសម្ដែងការអបអរសាទរដល់លោកនិងបានធ្វើការស៊ែរចែករំលែកជាហូរហែរផងដែរ៕