បុរសម្នាក់ចូលម៉ាស្សាមួយភ្លេតបាត់លុយអស់ ១៤០០ដុល្លា ហើយក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនថៅកែហាង និងនារីម៉ាស្សា២នាក់
កំពង់ស្ពឺ៖ ថៅកែហាង និងនារីម៉ាស្សាចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បន្ទាប់ពីមានបណ្តឹងពីបុរសម្នាក់ដែលជាភ្ញៀវថា បានបាត់លុយជាង១ពាន់ដុល្លារ ពេលចូលទៅម៉ាស្សានៅទីនោះ។ ការឃាត់ខ្លួនបានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ទោ ចន សុភិត អធិការនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា យោងតាមបណ្តឹងរបស់ឈ្មោះ អ៊ុ សុខលី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានប្រាប់ថា នៅយប់ថ្ងៃ២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២.០០នាទីរំលងអាធ្រាត គាត់បានចូលកន្លែងម៉ាស្សាកោសជប់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីម៉ាស្សា។ គ្រានោះមាននារីម៉ាស្សាម្នាក់ឈ្មោះ កន ដាលីន អាយុ២១ឆ្នាំ បានមកម៉ាស្សាឱ្យគាត់។ ពេលម៉ាស្សារួចរូបក៏បានយកកាបូបមកដកលុយឱ្យថ្លៃម៉ាស្សាស្រាប់បាត់លុយពីក្នុងអស់ ១៤០០ដុល្លារ ដល់សួរទៅនារីម៉ាស្សាថា បានដកយកលុយខ្លួនឬអត់? ពេលនោះនារីម៉ាស្សានោះប្រកែកថា អត់ដឹង និងមិនបានយកទេ។
លោកវរសេនីយ៍ទោ ចន សុភិត បានបញ្ជាក់ថា ក្រោយទទួលបណ្តឹងពីបុរសជាជនរងគ្រោះរួច កម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួននារីជាម្ចាស់ហាងឈ្មោះ ស្រឿង ម៉េន អាយុ៣៥ឆ្នាំ និងនារីម៉ាស្សាឈ្មោះ កន ដាលីន អាយុ២១ឆ្នាំ មកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចនារីទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នាលួចយកលុយ ១៤០០ដុល្លារ ពីកាបូបរបស់ភ្ញៀវពិតប្រាកដមែន។
ក្រោយទទួលបានចម្លើយសារភាពពីនារីជាម្ចាស់ហាង និងនារីម៉ាស្សារួច កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ រីឯលុយ ១៤០០ដុល្លារ ដែលនារីខាងលើលួច សមត្ថកិច្ចបានរឹបអូសយកមកវិញ ហើយក៏បានប្រគល់ឱ្យម្ចាស់ដើមវិញ៕
ប្រភព CNC