ក្រសួងទេសចរណ៍ សម្រេចឱ្យបិទ KTV ក្លឹបកម្សាន្ត និងបៀរហ្កាឌិន នៅទូទាំងប្រទេស ចំនួន ០២ថ្ងៃ មុនបោះឆ្នោត និងថ្ងៃបោះឆ្នោត
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានចេញសារាចរណែនាំលេខ ០០៦ សរណន ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺថ្ងៃទី៤ និងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
ដើម្បីអនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និង ដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលព្រះរាជាណាចក្រកម្ពុជា យើងបានកំណត់រៀបចំធ្វើនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមគំហែង គ្មានការបំភិតបំភ័យនិងគ្មានបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹងនោះ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដូចខាងក្រោម៖
១.ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ(KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំងរាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ០២ថ្ងៃ គឺថ្ងៃទី០៤ និងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
២.ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ ដែលផ្ដល់សេវាកម្មម្ហូបអាហារ ត្រូវផ្អាកសកម្មភាពការលក់ដូរ និងពិសាគ្រឿងស្រវឹងរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៤ និងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។
៣.ប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឲ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះ ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ប្រព្រឹត្តទីក្នុងបរិយាកាសនយោបាយល្អ សេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា ៕ ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia