អ្នកអង្គម្ចាស់ នរោត្ដម រស្មីខែមុន្នី បានតំណែងតួឯកលើកដំបូង ក្នុងរឿងហូលីវូដមួយនៅអាមេរិក….
អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា (ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ពោលទ្រង់គឺជា ព្រះបុត្រា នៃសម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និង ឯកឧត្ដម កែវ ពុទ្ធរស្មី ។
អ្នកអង្គម្ចាស់ បានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១៧ នៅឯ American Academy of Dramatic Arts នៅទីក្រុង Los Angeles។ ទ្រង់បានប្រសូតនៅទីក្រុងចាកាតា ពេលដែលព្រះបិតារបស់ទ្រង់បានធ្វើជាទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់មក អ្នកអង្គម្ចាស់ នរោត្ដម រស្មីខែមុន្នី ក៏បានសិក្សានៅទីក្រុង Kuala Lumpur និង ទីក្រុង ប៊ែកឡាំង ។
កាលអ្នកអង្គម្ចាស់នៅវ័យកុមារ ត្រូវបានសម្ដេចព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច នរោត្ដម សីហនុ សព្វព្រះរាជហរទ័យជាខ្លាំង ទៅលើទេពកោសល្យផ្នែកតន្ត្រីរបស់ទ្រង់។ ដោយឡែក ស្រាប់តែថ្មីៗនេះ អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី បានធ្វើឱ្យប្រជាជនខ្មែរកាន់តែមានមោទកភាពចំពោះទ្រង់ បន្ទាប់ពីមានការផ្សព្វផ្សាយថា
ទ្រង់ត្រូវបានជ្រើសរើសជាតួឯកលើកដំបូងក្នុងខ្សែភាពយន្តហូលីវូដ «1660 Vine» នៅសហរដ្ឋអាមេរិក ដែលខ្សែភាពយន្តនោះនឹងចាប់ផ្ដើមថតនៅខែមិថុនាខាងមុខ ហើយបើតាមប្រភពដដែលបានឱ្យដឹងថា ក្នុងខ្សែភាពយន្តថ្មីមួយនេះនឹងមានការរួមសម្ដែងពីសំណាក់តារាល្បីៗជាច្រើនរូបផងដែរ៕