ដោយសារជំងឺប្រចាំកាយ យោធាផ្កាយពីរម្នាក់ បា..ញ់សម្លា..ប់ខ្លួនឯងចោល

(ភ្នំពេញ)៖ មន្ដ្រីយោធាពាក់ផ្កាយពីរម្នាក់ បានសម្រេចចិត្តយកកាំភ្លើងបាញ់សម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នៅចំណុចក្នុងផ្ទះលេខ១៣៩ ផ្លូវលេខ៦៥៦ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង សារ៉ាន់អាយុ៥០ឆ្នាំ មុខរបរយោធា តួនាទីនាយករង នៃនាយកដ្ឋានភូមិសាស្ត្រ ទទួលបន្ទុកមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ទីលំនៅផ្ទះកើតហេតុខាងលើ។

យោងតាមការបំភ្លឺពីឈ្មោះ អ៊ុ សុផានី អាយុ៤២ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់ខ្លួនមានអាការៈឈឺ និងតឹងក្នុងក្បាលរយៈពេលជាង១០ថ្ងៃមកហើយ លុះនៅព្រឹកកើតហេតុនៅតែមានអាការៈឈឺក្បាល ហើយខ្លួនបានប្រាប់ឲ្យទៅមន្ទីរពេទ្យ តែជនរងគ្រោះមិនព្រម ទើបខ្លួនបានដើរទៅទិញផ្លែឈើនៅផ្សារដើម្បីយកមកឲ្យប្ដី។

លុះដល់ម៉ោង០៩៖៤៧នាទី ពេលត្រឡប់មកផ្ទះវិញហើយចូលតាមទ្វារខាងក្រោយ ដើរចូលមកក្នុងផ្ទះស្រាប់តែឃើញប្តីស្លាប់នៅលើគ្រែ នៅក្បែរខ្លួនមានកាំភ្លើងខ្លីមួយដើម។

ដោយឡែក ឈ្មោះ ហែម ប៊ុនថន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកធ្វើការជាមួយជនរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះតាមទ្វារខាងក្រោយមកអង្គុយលេងនៅលើបង់ក្នុងបរិវេណនាយកដ្ឋានភូមិសាស្ត្រយោធា ហើយក៏បានទៅអង្គុយជជែកគ្នាលេងជាមួយជនរងគ្រោះ បានបន្តិចជនរងគ្រោះប្រាប់ថា គាត់ឈឺក្បាលខ្លាំងណាស់ ហើយក៏បានដើរចូលទៅក្នុងផ្ទះវិញ។

បន្តិចក្រោយមកខ្លួនក៏លឺសំលេងផាំង តែមិនចាប់អារម្មណ៍, មួយសន្ទុះក្រោយមកប្រពន្ធរបស់ជនរងគ្រោះបានមកពីក្រៅវិញ ដើរចូលផ្ទះតាមទ្វារខាងក្រោយ ស្រាប់តែផ្អើលឆោឡោថា ប្តីគាត់ស្លាប់បាត់ទៅហើយ។ ការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយត្រូវគ្រាប់កាំភ្លើង (ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង)។ ក្រោយពិនិត្យចប់សពគ្រប់ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds