រៀនអត់ចេះ ប្រលងធ្លាក់ ខ្លាចឪពុកម្ដាយស្ដីបន្ទោស នាំប្អូនរត់ចេញពីផ្ទះនៅសៀមរាប មកភ្នំពេញ
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ពីករណី ស្វែងរកឃើញក្មេងប្រុស ០២ នាក់ដែលបាត់ខ្លួន កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ នៅខេត្តសៀមរាប។
ទាក់ទិនទៅនឹងករណីនេះ ខាងស្នងការបានបញ្ជាក់ឱ្យដឹងថា នៅក្នុងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ៤:៣០ នាទី សមត្ថកិច្ចខេត្តសៀមរាប បានទទួលព័ត៌មានថា ឃើញក្មេងទាំងពីរ នៅក្រុងភ្នំពេញ ទើបទាក់ទងទៅសមត្ថកិច្ចនៅភ្នំពេញ ដោយបានឆែកកាមេរ៉ាសុវត្ថិភាព ក្នុងវត្តថាន់ ឃើញក្មេងទាំងពីរ ដើរចេញពីក្នុងបរិវេណវត្តថាន់ ទៅក្បាលថ្នល់ ដោយឪពុកម្តាយក្មេង បានបញ្ជាក់ថា រូបភាពក្មេងទាំងពីរនោះ ពិតជាកូនប្រុស របស់គាត់ពិតប្រាកដមែន។
លុះនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង ៣០ ព្រឹក កម្លាំងស្នងការ សហការជាមួយសន្តិសុខកោះពេជ្រ បានរកឃើញក្មេងប្រុសទាំង ០២ នាក់ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ដែលក្នុងនោះមាន ក្មេងប្រុសឈ្មោះ ហ៊ុន គីមហេង ភេទប្រុស អាយុ ១៤ ឆ្នាំ និងឈ្មោះ ហ៊ុន វិសាល ភេទប្រុស អាយុ ៩ ឆ្នាំ។
នៅចំពោះមុខសមត្ថកិច្ច និងអាណាព្យាបាល ក្មេងប្រុសឈ្មោះ ហ៊ុន គីមហេង បានបញ្ជាក់ថា ៖ មូលហេតុដែលខ្លួនគេចចេញពីផ្ទះគឺ រៀនអត់ចេះ ហើយប្រលងធ្លាក់ ខ្លាចឪពុកម្ដាយស្ដីបន្ទោស ក៏នាំប្អូនគេចចេញពីផ្ទះតែម្តង។
ទន្ទឹមនឹងនោះ បើតាមការសាកសួរពីសមត្ថកិច្ច ក្មេងទាំង ២ បានឆ្លើយបំភ្លឺថា ៖ ពួកគេបានគេចចេញពីផ្ទះ បន្ទាប់ពីបោកកូនជ្រូកបានប្រាក់ប្រាំបីម៉ឺនប្រាំពាន់រៀល និងបានលក់កង់បានមួយម៉ឺនរៀល ទៅទិញសំបុត្ររថយន្តក្រុងដឹកអ្នកដំណើរមួយ នៅមុខបុរីសៀងណាំទាំងពីរនាក់ តម្លៃ ២,៥០០០ រៀល ជិះទៅក្រុងភ្នំពេញ។ ហើយចំពោះទូរស័ព្ទ បានដោះស៊ីមក្រវាត់ចោល មិនបានលក់ ឬ បាត់ទៅណាទេ។ ពេលដល់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ពួកគេបានស្នាក់នៅតាមទីសាធារណៈ និង ដើរសុំការងារគេធ្វើ៕