ក្រោយបង្កើតកំហុសលើឪពុកខ្លួន, ស្រ៊ាង ស្រីនិច ចេញមុខសុំទោសជាសាធារណៈ ស្រាប់តែមហាជនឆ្លើយវិញថា…(មានវីដេអូ)
កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គJudge Audition សប្ដាហ៍ទី២ បានបញ្ចប់ហើយកាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ដោយចម្រាញ់បានបេក្ខជន បេក្ខនារីមានសមត្ថភាពចំនួន២១នាក់ ខណៈសប្ដាហ៍ទី១ បាន១៨រូបនោះ។
ក្នុងចំណោមបេក្ខជន បេក្ខនារី ជាប់ជាច្រើននៅក្នុងសប្ដាហ៍ទី២នេះ យើងសូមលើកយកបេក្ខនារី ស្រ៊ាង ស្រីនិច មកនិយាយ ដោយសារតែមានការជជែកវែកញែកមួយចំនួន បានកើតឡើងចំពោះសកម្មភាពរំភើបខ្លាំងពេករបស់នាងនោះ។
បេក្ខនារីមានស្រុកកំណើតនៅខេត្តព្រៃវែង កញ្ញា ស្រ៊ាង ស្រីនិច ស្ថិតក្នុងអាយុ២០ឆ្នាំ បានលើកយកបទចម្រៀងមួយបទ មានចំណងជើងថា «បេះដូង១០០»មកបកស្រាយបានយ៉ាងល្អ ហើយត្រូវគណៈកម្មការសរសើរ និងផ្ដល់«យេស»៤ដល់រូបនាង។
ក្រោយទទួលបាន«យេស»៤ហើយនោះ ស្រីនិច រំភើបខ្លាំងណាស់ ខណៈឪពុករបស់នាងក៏រំភើបខ្លាំងណាស់ដែរ ដោយរង់ចាំលាតដៃ ឱបកូនដើម្បីជាការអបអរសាទរ តែស្រីនិច មិនឱបឪពុកនោះទេ បែរជារត់ទៅឱបពិធីការិនីទៅវិញ។ ភ្លាមនោះ ពិធីការិនីលាន់មាត់ ទើបនាងស្ទុះទៅឱបឪពុកវិញ។
ត្រង់ចំណុចនេះហើយ ទើបមានអ្នកមិនពេញចិត្តមួយចំនួន កាត់វីដេអូត្រង់ចំណុចនេះយកទៅបង្ហោះក្នុងបណ្ដាញសង្គមទីកតុក ដោយសម្ដែងការមិនពេញចិត្តថា «ទោះរំភើបយ៉ាងណាក៏មិនត្រូវភ្លេចអ្នកមានគុណមកជាមួយយើងដែរធ្វើអញ្ចឹងមិនសមរម្យទេក្មួយអើយ»។
បន្ថែមលើនេះ គណនីទីកតុកឈ្មោះ «មាស ម៉ូលីវណ្ណ» បានបញ្ជាក់ក្នុងខំមិនថា «ខ្ញុំសូមបញ្ជាក់ដល់បងប្អូន ខ្ញុំមិនបានបន្ទោសក្មួយស្រីហ្នឹងទេ គ្រាន់តែគិតថា មិនសមរម្យប៉ុណ្ណោះ ទោះរំភើបយ៉ាងណាក៏គិតដល់ឪពុកមុនគេដែរ ណាមួយគាត់ខំរត់ទៅឱបកូន!»។
ងាកមកមហាជនវិញ បានចូលទៅបញ្ចេញមតិព្រោងព្រាត ក្នុងនោះមានអ្នកខ្លះអាណិតឪពុកបេក្ខនារីនោះពេករហូតហូរទឹកភ្នែកទៀតផង ខណៈមួយចំនួនទៀត ក៏ប្រាប់កុំឲ្យវាយតម្លៃមនុស្សដោយគ្រាន់មើលវីដេអូតែមួយជ្រុងនេះ។
ចំពោះមតិមិនពេញចិត្ត បានលើកឡើងថា «សំខាន់ឪពុកនៅមុខ ពិធីការិនីទៅទៀត, ជម្រើសទី១ គួរតែឪពុក, គិតអ្នកក្រៅសំខាន់ជាង, មិនទាន់ល្បីផង ទុកឪពុកជាជម្រើសចុងក្រោយបាត់ រំភើបគួរតែរកឪពុកមុន, និយាយលែងចេញអាណិតអ៊ំប្រុសណាស់, ហេតុអ្វីបានគាត់ធ្វើចឹង, ហេតុអ្វីខ្ញុំមើលហើយហូរទឹកភ្នែក ពេលឃើញគាត់ធ្វើបែបហ្នឹងដាក់លោកពុក»។
ចំណែកមតិមួយចំនួនទៀត បានលើកឡើងថា «យើងមិនអាចវាយតម្លៃអ្នកណាម្នាក់ ដោយគ្រាន់តែឃើញវីដេអូមួយជ្រុងនោះទេ, មើលទៅប្រហែលជាគាត់សប្បាយចិត្តខ្លាំងពេក ទើបគិតអីមិនត្រូវ, មនុស្សភាគច្រើនចាំតែចាប់កំហុសទេ ទោះធ្វើល្អ១០០ ក៏ដោយ បើសិនខុសតែតិចមក និយាយរហូតមែនតើ»។