កត្តាសំខាន់៣ អ្នកមិនត្រូវខកខាន ONE ថ្ងៃសុក្រនេះមានទាំង រិន សារ័ត្ន
ងៃសុក្រទី៨ ខែមីនា នេះ ONE Championship នឹងវិលទៅទីក្រុងយ៉ាំងហ្គូនជាថ្មីដែលមានវត្តមានកំពូលអ្នកលេងក្បាច់គុនឆ្នើមៗជាច្រើន រួមទាំងការប្រកួតគុនចម្រុះអាជីពលើកទី១០របស់កីឡាករកម្ពុជា រិន សារ័ត្ន ផងដែរ។
ព្រឹត្តិការណ៍ ONE: REIGN OF VALOR នឹងធ្វើឡើងនៅកីឡដ្ឋាន Thuwunna Indoor ដ៏ល្បីល្បាញ ហើយដូចមុនៗដែរគឺ អ្នកអាចរំពឹងឃើញទស្សនិកជនពុះកញ្ជ្រោលនៅពេលតារា ONE Championship ឡើងមកលើឆាក។ហេតុផលធំៗ៣ដែលអ្នកគាំទ្រកម្ពុជាគួរតាមដានទស្សនាថ្ងៃ សុក្រនេះ។
ទី១៖ ការត្រឡប់ជាថ្មីរបស់ រិន សារ័ត្ន
សមាជិកក្លឹប Cambodian Top Team រិន សារ័ត្ន ត្រូវតតាំងជាមួយកីឡាករជើងថ្មី Tial Thang របស់មីយ៉ាន់ម៉ា ក្នុងគូសំខាន់។ ដោយត្រូវបានចាត់ទុកជាកីឡាករគុនចម្រុះដ៏ល្អម្នាក់របស់កម្ពុជា សារ័ត្ន បានសម្ងំហាត់យូរមកហើយ និងចុងក្រោយបានទៅហាត់នៅក្លឹប Yorky Mixed Martial Arts ក្នុងទីក្រុងបាងកក រយៈពេល១ខែចុង។
សារ័ត្ន ប្រាប់ថា ៖«ខ្ញុំមានអារម្មណ៍ថា ប្លែកជាងមុន។ ក្បាច់ប្រយុទ្ធ និងការពាររបស់ខ្ញុំល្អជាងមុនហើយរហ័សជាងមុន។ ខ្ញុំរួចរាល់ហើយដើម្បីបញ្ចេញអ្វីដែលខ្ញុំមាន»។ Thang នឹងមានការគាំទ្រពេញទំហឹងពីអ្នកគាំទ្រម្ចាស់ផ្ទះនៅពេលគេតតាំងជាមួយ សារ័ត្ន ក្នុងការប្រកួតទម្ងន់៦៨គីឡូក្រាម។
ទី២៖ ការប្រកួតដណ្ដើមខ្សែក្រវាត់ ONE Welterweight World Title
ជើងឯក ONE Welterweight World Champion កីឡាករ Zebaztian Kadestam នឹងឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងកីឡាករពូកែចាប់កាច់ Georgiy Kichigin ក្នុងការប្រកួតគូឯក។ នេះជាការឡើងការពារខ្សែក្រវាត់លើកដំបូងរបស់ជើងខ្លាំងជនជាតិស៊ុយអែត។ ការប្រកួតនេះនឹងតានតឹងសម្រាប់ Zebaztian ដោយហេតុថាគូប្រកួតរបស់គេជនជាតិកាហ្សាក់ស្ថានមិនដែលចាញ់ឡើយក្នុងការប្រកួតលក្ខណៈអាជីព និងបានឈ្នះ១៤ដងចុងក្រោយជាប់ៗគ្នា។
ទី៣៖ ជំនួបទម្ងន់យក្សដ៏កក្រើក
ជើងខ្លាំង Alain Ngalani នឹងប្រឈមជាមួយអតីតជើងឯក Cage Warriors Heavyweight Championគឺកីឡាករ Mauro Cerilli។ កីឡាករដើមកំណើតកាមេរ៉ូន Ngalani ឆ្លាក់ទស្សនៈក្នុងចិត្តថា បើគេមិនសន្លប់គឺខ្លួនឯងសន្លប់។ ក្នុងអាជីពគុនចម្រុះ Ngalani ធ្លាប់ប្រកួតពេញគ្រប់ទឹកតែមួយលើកគត់។
ចំណែកជើងខ្លាំងអ៊ីតាលី Cerilli បានចូលប្រកួតនៅ ONE លើកដំបូងកាលពីខែវិច្ឆិកា ឆ្នាំមុន ទល់នឹងកីឡាករ Brandon Vera និងបានរងបរាជ័យដែលឈានដល់ការបញ្ចប់ជ័យជម្នះ៥ដងជាប់គ្នារបស់គេនៅពេលនោះ។ លើកនេះ គេតាំងចិត្តស្តារមុខមាត់ឡើងវិញនៅក្នុងស្ថាប័នក្បាច់គុនធំបំផុតរបស់ពិភពលោកនេះ៕
អត្ថបទ៖ កែវ ច័ន្ទសុផាវរុណ