ជួប ស្រីកែវ បានត្រឹមពោលពាក្យក្តុកក្តួលបែបនេះ ក្រោយមានអ្នករិះគន់លើរូបរាងរបស់ខ្លួនខ្លាំង (មានវីដេអូ)
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយពីបេក្ខនារីប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition សប្តាហ៍ទី ២ ម្នាក់ដែលមានឈ្មោះថា ជួប ស្រីកែវ បានឡើងមកបង្ហាញសមត្ថភាពច្រៀងបានយ៉ាងពិរោះ
ប៉ុន្តែគួរអោយសោកស្ដាយ ស្រីកែវ មិនអាចបន្តទៅកាន់វគ្គបន្តបានដោយសារតែទទួលបានពាក្យថា Yes ពីគណៈកម្មការតែ ២ ប៉ុណ្ណោះក្នុងចំណោម ៤ រូបដោយបានលើកឡើងថានៅមានចំណុចខ្វះខាតមួយចំនួននិងសង្ឃឹមថានិងអាចជួបគ្នាម្ដងទៀតនៅឱកាសក្រោយផងដែរ ។
យ៉ាងណាមិញក្រោយពេលបញ្ចប់ការប្រកួតហើយនោះ ស្រីកែវ ត្រូវបានមនុស្សមួយចំនួនបានបោះពាក្យសម្ដីមិនសមរម្យដាក់ មើលងាយនាងថាមិនសាកសម ធាត់អាក្រក់មើល រិះគន់ពីរូបរាងរបស់នាងជាច្រើនដែលប៉ះពាល់ដល់ផ្លូវចិត្តនាងជាខ្លាំង រហូតដល់ថ្នាក់នាងបានចេញមុខបង្ហោះសារយ៉ាងក្តុកក្តួលបែបនេះថា
“ខ្ញុំចង់ធ្វើការអរគុណដល់រូបរាងមួយនេះ ដែលស្ថិតនៅជាមួយខ្ញុំ ២០ ឆ្នាំ+មកហើយ ដែរត្រូវទទួលរងការប្រមាថ វាយប្រហារ ព្យុះភ្លៀង សម្ពាធផ្លូវកាយ & ផ្លូវចិត្តរកអ្វីមកនិយាយមិនចេញ។ ពេលខ្លះសើចទៅជាមួយគេដើម្បីកុំឱ្យគេគិតថាយើងប្រកាន់ច្រើន ទាំងក្នុងចិត្តចង់ប្រាប់គេថាខ្ញុំមិនចូលចិត្តទេ ខ្ញុំអន់ចិត្ត ខ្ញុំខូចចិត្ត តែក៏ខំខាំមាត់នៅក្នុងចិត្តមកវិញថា អត់អីទេ តិចទៀតទៅគេស៊ាំនឹងរូបរាងយើងហើយ ខ្ញុំទៅប្រឡងនេះខ្ញុំបានត្រៀមចិត្តរួចហើយសម្រាប់ពាក្យរិះគន់
តែមិននឹកស្មានថាពាក្យខ្លះគ្រាន់តែឃើញហើយខ្ញុំយំតែម្ដង។ អរគុណបងប្អូនដែរលើកទឹកចិត្តប្អូន អរគុណសម្រាប់ពាក្យល្អៗ។ ពេលខ្ញុំឡើងប្រឡងហើយ ធ្វើឱ្យខ្ញុំឃើញសង្គមនេះកាន់តែច្បាស់ ថាយើងគ្រាន់តែធាត់ក៏ខ្ញុំខុសដែរ”
ឆ្លៀតក្នុងឱកាសមួយនេះយើងខ្ញុំក៏សូមសំណូមពរដល់មហាជនទាំងអស់សូមបើកចិត្តបើកគំនិតអោយទូលំទូលាយទទួលស្គាល់នូវសង្គមសព្វថ្ងៃដើរដល់យុគសម័យមួយដែលជឿនលឿន មនុស្សគ្រប់រូបក៏មានសិទ្ធិនិងចំណង់ចំណូលចិត្តរៀងៗខ្លួន កុំគិតអគតិលើមនុស្សដោយគ្រាន់តែ រូបសម្រស់ ពណ៌សម្បុរ និងរូបរាងរបស់គេ សូមកុំប្រើពាក្យសម្ដីមិនសមរម្យលើអ្នកដទៃ គួរផ្តល់ជាពាក្យលើកទឹកចិត្តឬការសរសើរទើបវាជាការប្រសើរ៕