ចប់បាត់!!លី ម៉ារីណា ត្រូវអតីតស្វាមី លួចគ្រឿងអលង្ការ និងលុយអស់ពីខ្លួន
ដូចប្រិយមិត្តជ្រាបខ្លះៗហើយ តារាសម្តែងចាស់វង្សារាជិនីសម្រស់អ្នកនាង លី ម៉ារីណា បានសម្រេចចិត្តបញ្ចប់ចំណងស្នេហ៍ ចែកផ្លូវគ្នាដើរជាមួយលោកសាត ចាន់ថន ជាស្វាមី ក្រោយពីរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ដែលកាលនោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររូបនាង មានការភ្ញាក់ផ្អើលជាខ្លាំង។
ក្រោយពីរឿងរ៉ាវជីវិតឯកជនរបស់អ្នកនាង លី ម៉ារីណា បានស្ងប់ស្ងាត់មួយអន្លឺ ស្រាប់តែពេលនេះ អ្នកនាង លី ម៉ារីណា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងម្តងទៀត ដោយនាងបានបង្ហោះហ្វេសប៊ុកថា អតីតប្តីនាងបានលួចយក ទ្រព្យសម្បត្តិគ្រឿងអលង្ការ និងលុយរបស់នាងមួយចំនួន ហើយគេចខ្លួនបាត់ ។ ស្របពេលនោះដែរ អ្នកនាងសូមលោកសាត ចាន់ថន យកទ្រព្យសម្បត្តិមកឲ្យនាងវិញ ព្រោះទ្រព្យសម្បត្តិ និងលុយទាំងនោះជាកម្លាំង ញើសឈាមរបស់នាង។
យោងតាមគណនីហ្វេសប៊ុករបស់អ្នកនាង លី ម៉ារីណា ដែលបានបង្ហោះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានខ្លឹមសារថា « នាងខ្ញុំសូមប្រកាសស្វែងរកលោកសាត ចាន់ថន ដែលបានលួចយកទ្រព្យសម្បត្តិ គ្រឿងអលង្ការរបស់ខ្ញុំ និងលុយមួយចំនួនយកទៅ ហើយគេចខ្លួនបាត់ សូមលោកមេត្តាយកមកអោយខ្ញុំវិញផង ព្រោះខ្ញុំទុកពលអោយលោកច្រើនថ្ងៃហើយ ទ្រព្យសម្បត្តិ និងលុយជាកម្លាំងញើសឈាមខ្ញុំ លោកមិនគួរធ្វើគំរូមិនល្អចឹងបន្សល់ដល់កូនទេ ទោះជាបែកគ្នា ក៏មិនត្រូវធ្វើសត្រូវនឹងគ្នាដែរ ទុកមុខរាប់គ្នាដើម្បីកូន សូមប្រគល់អ្វីដែលជារបស់ខ្ញុំ អោយមកខ្ញុំវិញមក រយៈដប់ឆ្នាំហើយ លោកមិនដែលមើលថែខ្ញុំ ហើយចិញ្ចឹមខ្ញុំមួយសេនទេ ហេតុអីមកលួចរបស់ខ្ញុំអស់ពីខ្លួនចឹង រាល់ថ្ងៃខ្ញុំគ្មានកម្លាំងចិត្តរកស៊ីតទៅទៀតទេ ចឹងសូមយកមកអោយខ្ញុំវិញមក ខ្ញុំត្រូវការចិញ្ចឹមកូនខ្ញុំតទៅមុខទៀត សូមមិត្តភក្តិបងប្អូន ដែលបានស្គាល់ជួយស៊ែរអោយគាត់ដឹងផង។ បើលោកមិនចង់បានរបស់ខ្ញុំទេ ហេតុអីមិនយកអោយខ្ញុំវិញ ចាំបាច់គេចខ្លួនបែបនេះ ខ្ញុំទុកឪកាសអោយលោកយូរដែរហើយ ក៏ព្រោះតែអាណិតកូន ។ សូមអធ្យាស្រ័យដល់បងប្អូនផង ដែលនាងខ្ញុំបានប្រកាសតាមរយៈសង្គម Fb បើមានផលប៉ះពាល់ដោយប្រការណាមួយ សូមអភ័យទោសទុកជាមុន»។