មន្ត្រីជំនាញបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១២ ទីតាំងបន្ថែមទៀតដែលរកស៊ីមិនសុចរិត និងបានបន្តចាត់វិធានការ
ភ្នំពេញៈ មន្ត្រីជំនាញបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១២ ទីតាំងបន្ថែមទៀតដែលរកស៊ីមិនសុចរិត និងបានបន្តចាត់វិធានការតាមនីតិវិធីលើម្ចាស់ដេប៉ូទាំងនេះ ក្រោយប្រតិបត្តិការចុះត្រួតពិនិត្យតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ៤៤ ទីតាំងក្នុងខេត្តចំនួន ៧។
កាលពីថ្ងៃទី១១-១២ ខែឧសភា មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ប្រចាំសាខាខេត្តចំនួន៧ គឺខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកណ្ដាល និងខេត្តព្រះសីហនុ បានចុះប្រតិបត្តិការត្រួតពិនិត្យដើម្បីរកភាពអនុលោមនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈផ្សេងៗគ្នា។
ក.ប.ប បញ្ជាក់តាមរយៈហ្វេសប៊ុកនាថ្ងៃទី១២ ខែឧសភាថា៖ «តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១២ទីតាំងមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធីផងដែរ»។
ប្រតិបត្តិការត្រួតពិនិត្យនេះគឺធ្វើឡើងដើម្បីស្វែងរកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ជរបស់ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ៕