កែវ នីសា ភ័យខ្លួន ពេលឃើញ សូដា នីតា ប្រកាសឈ្មោះអ្នកជំពាក់លុយជិត១០នាក់
ថ្មីៗនេះ លើគណនីហ្វេសប៊ុករបស់តារាស្រី សូដា នីតា បានបង្កើតការភ្ញាក់ផ្អើលជាថ្មីដល់មហាជនអ្នកគាំទ្រជុំវិញរឿងរ៉ាវលុយកាក់ ដែលបានឃើញអ្នកនាងធ្វើការទម្លាយកន្ទុយឈ្មោះកូនបំណុលដែលជំពាក់លុយមិនព្រមសង ដើម្បីជាការរំឭក និង ព្រមានចំពោះកូនបំណុល ៧ រូប មិនទាន់ឃើញសងលុយអ្នកនាង ដោយគ្រាន់តែនិយាយបានតែមាត់នោះ។ លើសពីនេះ អ្នកនាងក៏ត្រៀមនឹងបង្ហោះរូបភាពកូនបំណុលទាំងនោះផងដែរ ព្រមទាំងអ្នកនាងបញ្ជាក់ឱ្យដឹងថាមាននៅច្រើនបន្តបន្ទាប់ទៀត។
ក្រោយឃើញការបង្ហោះរបស់តារាស្រី សូដា នីតា ភ្លាម ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមួយចំនួនមានការភ្ញាក់ផ្អើលខ្លាំង និង បានធ្វើការចូលបញ្ចេញមតិវែកញែកជុំវិញរឿងរ៉ាវដ៏ក្ដៅគគុកនេះរៀងៗខ្លួនផងដែរ។
ខណៈនោះដែរ ពេលឃើញ អ្នកនាង សូដា នីតា បញ្ចេញឈ្មោះកូនបំណុលទាំង ៧ នាក់ ដែលមានម្នាក់មានកន្ទុយឈ្មោះថា នីសា ស្រាប់តែបានឃើញតារាសម្ដែង និង ពិធីការិនី កែវ នីសា បានចូលទៅបញ្ចេញមតិក្រោមការបង្ហោះនេះភ្លាម ដោយសួរទៅកាន់អ្នកនាង សូដា នីតា លាយជាមួយការលេងសើចថា ៖ «ចុម នីសា មួយណាប៉ិអើយ»។ ជាមួយគ្នានោះ សូដា នីតា ក៏បានឆ្លើយតបវិញភ្លាមផងដែរ ដើម្បីកុំឱ្យមានការយល់ច្រឡំ បើទោះបីជាដឹងថា កែវ នីសា សួរលេងសើចក៏ពិតមែន ដោយអ្នកនាងនិយាយថា ៖ «នីសា ត្រូវ ផ្សេងប៉ិ»៕