មន្ត្រីនគរបាលម្នាក់ ទាញកាំភ្លើងបាញ់ម្ចាស់ក្របីរងរបួសធ្ងន់គ្រាន់តែក្របីចូលស៊ីស្មៅក្នុងដីរបស់ខ្លួន
បន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវបានមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ ដកកាំភ្លេីងបាញ់បណ្តាលឱ្យរងរបួសធ្ងន់បន្ទាប់ពីក្របីចូលស៊ីស្មៅក្នុងដីខ្លួន រួចរត់គេចខ្លួនបាត់ នៅវេលាម៉ោង០១និង៣៥នាទីរសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
យោងតាមរបាយការណ៍ពីនគរបាលស្រុអូរជ្រៅ បានឱ្យដឹងថា ជនបង្កឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជានាយរងការិយាល័យកិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ ស្នាក់នៅបណ្តោះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាអ្នកស៊ីឈ្នួលមើលសត្វក្របីឲ្យគេប្រហែលជា ១០០ក្បាល។
នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះឃ្វាលនោះបានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ពេលនោះជនបង្កជាម្ចាស់ដី បានប្រាប់ឲ្យជនរងគ្រោះដេញក្របីចេញពីក្នុងដីរបស់ខ្លួន កុំឲ្យស៊ីស្មៅ ព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ីដែរ។ ពេលនោះជនរងគ្រោះក៏បានទៅដេញក្របីឲ្យចេញ រួចក៏អង្គុយលេងជាមួយទាហាននៅក្បែរកន្លែងនោះ។ ក្រោយមកមិនដឹងជាយ៉ាងមេចជនបង្ក ក៏បានទាញកាំភ្លើងម៉ាកវាំងឡុង ជាប្រភេទកាំភ្លើងបាញ់សត្វ) បាញ់ទៅលើជនរងគ្រោះចំនួន ១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេង បណ្តាល ឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនបាត់។
ភ្លាមៗនោះ ជនរងគ្រោះត្រូវបានគេជួយសង្គ្រោះ យកទៅព្យាបាលនៅមណ្ឌលសុខភាពអូរបីជាន់។ ចំណែកជនបង្ក កម្លាំងនគរបាលស្រុកអូរជ្រៅកំពុងតាមប្រម៉ាញ់ចាប់ខ្លួនយកទៅផ្តន្ទាទោសតាមច្បាប់៕