ក្រោយជាប់ឆ្នោតអាណត្តិថ្មី ប្រធានាធិបតីបារាំង លោក ម៉ាក្រុង សន្យាបន្តផ្តល់ជំនួយសព្វាវុធ ដល់អ៊ុយក្រែន

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក្នុងសប្តាហ៍នេះ បានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) ថា បារាំងនឹងបន្តជួយជ្រោមជ្រែងទីក្រុងកៀវ ទាំងផ្នែកយោធានិងមនុស្សធម៌។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១ ខែឧសភា ឆ្នាំ២០២២។

វិមានអេលីហ្សេរបស់បារាំង បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា កំលុងកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ គឺមិនដល់មួយសប្តាហ៍ឡើយក្រោយ ការជាប់ឆ្នោតអាណត្តិថ្មីរបស់លោក ម៉ាក្រុង លោក ហ្សេលេនស្គី បានអរគុណលោកប្រធានាធិបតីបារាំង សម្រាប់ការផ្តល់សព្វាវុធដល់អ៊ុយក្រែន ដែលបានចូលរួមចំណែកធ្វើឱ្យអ៊ុយក្រែន អាចទប់ទល់ជាមួយកងទ័ពរុស្ស៉ី មកទល់ពេលនេះ។

ចំណែកលោក ម៉ាក្រុង វិញ បានបង្ហាញជំហរថា ការគាំទ្រផ្នែយោធានេះ នឹងត្រូវបន្តពង្រឹងឱ្យខ្លាំងក្លាថែមទៀត ហើយការផ្តល់ជំនួយផ្នែកមនុស្សធម៌ដោយបារាំង ក៏នឹងដូចគ្នាដែរ។ វិមានប្រធានាធិបតីបារាំង បានគូសបញ្ជាក់ថា បារាំងបានផ្តល់ឱ្យអ៊ុយក្រែននូវសម្ភារៈច្រើនជាង ៦១៥តោន ក្នុងនោះរួមមានបរិក្ខារពេទ្យ ស្បៀងអាហារ និងរបស់របរចាំបាច់ផ្សេងៗទៀត៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds