បើកបង្ហាញមុខជំនួញ និង ទ្រព្យសម្បត្តិ កំពូលតារាចម្រៀង ព្រាប សុវត្ថិ សរុបជាលុយរាប់សិបម៉ឺនដុល្លារ….
បើគិតពីការចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៩៧ មក លោក ព្រាប សុវត្ថិ នៅតែអាចឈរជើងជាលំដាប់តារាចម្រៀងប្រុសអស់រយៈពេលប្រមាណ ២៤ ឆ្នាំមកហើយ នៅក្នុងប្រទេសកម្ពុជា បើទោះជាមានតារាចម្រៀងប្រុសស្រីស្រករក្រោយបានរីកដុះដាលច្រើនយ៉ាងណាក្តី ។ នៅឆ្នាំនេះ ទោះលោក ព្រាប សុវត្ថិ បានឈានចូលវ័យ ៤៧ ឆ្នាំហើយក្តី ក៏លោកនៅតែមិនបានបោះបង់អាជីពចាស់ជាតារាចម្រៀងនៅឡើយនោះទេ ប៉ុន្តែលោកនៅតែបន្ត ព្រមទាំងបង្កើត និង បង្កើនមុខជំនួញជាច្រើនផ្សេងទៀតនៅក្នុងដៃថែមទៀត ។ លើសពីនោះ ក្រៅពីអាជីពជាតារាចម្រៀង និង មុខជំនួញ លោក ព្រាប សុវត្ថិ ក៏ជាវរសេនីយ៍ឯក នៃនាយរងការិយាល័យទី ៥ កងទ័ពជើងគោក របស់ក្រសួងការពារជាតិទៀតផង ។
ដោយឡែក បើក្រឡេកទៅមើលទ្រព្យសម្បត្តិរបស់តារាប្រុសល្បីល្បាញខាងលើនេះ បើទោះជាមិនអាចកំណត់នូវទឹកប្រាក់ច្បាស់លាស់ក៏ពិតមែន ប៉ុន្តែប្រសិនជាប្រៀបធៀបចំណូលពីអាជីពសិល្បៈ របររកស៊ី ពីសម្ភារប្រើប្រាស់ និង អចលនទ្រព្យនោះ លោក ព្រាប សុវត្ថិ គឺមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារឯនោះ ។ ខាងក្រោមនេះ គឺជាមុខជំនួញ ការងារសិល្បៈ អចលនទ្រព្យ និង ទ្រព្យសម្បត្តិរបស់លោកមាននៅក្នុងដៃគិតត្រឹមឆ្នាំ ២០២២ ៖
១. មុខជំនួញ និង អចលនទ្រព្យ លោក ព្រាប សុវត្ថិ មានហាងកាត់សក់មួយកន្លែងនៅម្តុំផ្សារទួលគោក ដោយតាំងនៅផ្ទះកម្ពស់ ៣ ជាន់ និង ជាផ្ទះរស់នៅដំបូងរបស់លោក ។ សព្វថ្ងៃ លោករស់នៅផ្ទះម្តុំនៅខណ្ឌសែនសុខ ដែលជាទីតាំងសិប្បកម្មឈើផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ លោក និង ភរិយាក៏បានបើកភោជនីយដ្ឋានមួយឈ្មោះថា «ផ្ទះ ព្រាប សុវត្ថិ» ព្រមទាំងមានមានក្នុងក្រុមហ៊ុនអចលនទ្រព្យឈ្មោះថា «Preap Sovath Investment»។ ក្រោយពីបើកមុខជំនួញជាបន្តបន្ទាប់មក កំពូលតារាចម្រៀង ព្រាប សុវត្ថិ ថ្មីៗនេះតារាចម្រៀងរូបនេះក៏ទើបតែប្រកាសពីការដាក់ទុនលើការសាងសង់ Resort ក្នុងទឹកដីខេត្តមណ្ឌលគិរីថែមទៀត ។
ថ្មីៗនេះដែរ លោក ព្រាប សុវត្ថិ ក៏បានបង្កើតជំនួញថ្មីនាំចូលផ្តាច់មុខសាប៊ូកក់សក់ប្រ៊េនផ្ទាល់ខ្លួនមានឈ្មោះថា «Preap Sovath»។
២. ចលនទ្រព្យ សព្វថ្ងៃ លោក ព្រាប សុវត្ថិ ជិះរថយន្ត ISUZU ទំនើបពណ៌ខ្មៅ ដែលមានតម្លៃជាង ១០ ម៉ឺនដុល្លារ រីឯភរិយារបស់លោកជិះរថយន្ត Range Rover ស៊េរីទំនើបតម្លៃជាង ១០ ម៉ឺនដុល្លារ ។ ក្នុងនោះ កូនទី ១ លោក សុវត្ថិ មុន្នីវណ្ណ ប្រើរថយន្តម៉ាក Mercedes-AMG C63 ពណ៌ស ដែលមានតម្លៃប្រមាណជាង ១០ ម៉ឺនដុល្លារ ។កូនទី ២ លោក សុវណ្ណ មុន្នីនាគ ប្រើរថយន្តស៊េរីថ្មី DODGE challenger srt demon 2018 តម្លៃជិត ១០ ម៉ឺនដុល្លារ និង កូនទី ៣ លោក សុវត្ថិ សិរីវុឌ្ឍ ប្រើរថយន្តស៊េរីថ្មី Mazda សេរីទំនើប មានតម្លៃក្រោម ១០ ម៉ឺនដុល្លារ ។
៣. ការងារសិល្បៈ បច្ចុប្បន្ន មិនត្រឹមតែទទួលបានចំណូលពីទ្រនំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា តែម្យ៉ាងនោះទេ លោក ព្រាប សុវត្ថិ ក៏ត្រូវបានគេដឹងថា លោកនៅតែជាតារាប្រុសទទួលបានកម្រៃច្រើនពីការងារផ្សេងៗ ដូចជាថតស្ប៉ត ឬ ចេញច្រៀងម្តងៗនោះ ។ បច្ចុប្បន្នលោក ត្រូវបានបណ្តាក្រុមហ៊ុនធំៗជាច្រើននៅកម្ពុជាបានជ្រើសរើសលោកជា Brand Ambassador ដោយមានដូចជា ក្រុមហ៊ុនទូរស័ព្ទ VIVO, ក្រុមហ៊ុនរថយន្ត ISUZU, ក្រុមហ៊ុនវិស័យអចលនទ្រព្យ និង សំណង់ MarganEn Maion, ធនាគារ DGB និង នៅមានក្រុមហ៊ុនមួយចំនួនទៀត ហើយចំណូលពីតំណែងជាទូតសុឆន្ទៈនោះ មានតម្លៃមិនក្រោម ១០ ម៉ឺនដុល្លារឡើយ៕