ស្រ្តីម្នាក់ត្រូវរន្ទះបា..ញ់ស្លា..ប់ ពេលតាមអ្នកស្នងបារមី ទៅធ្វេីសមាធិលេីភ្នំគូលែន

(សៀមរាប)៖ ស្ត្រីជាគ្រូបង្រៀនកាត់ដេរម្នាក់នៅក្រុងសៀមរាបបានស្លាប់ដោយសាររន្ទះបាញ់នារសៀលថ្ងៃទី២៨ ខែមេសា នៅលើភ្នំគូលែន ពេលតាមអ្នកស្នងបារមីទៅធ្វេីសមាធិ។

លោកវីរៈសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ និងប្រជាការពារភូមិតាពេញ បានចុះពិនិត្យសព ដែលស្ថិតនៅភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

ជនរងគ្រោះមានឈ្មោះ ថាប់ សុភ័ក្រ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរគ្រូបង្រៀនកាត់ដេរ ទីលំនៅបច្ចុប្បន្នភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបន្តថា បើតាមការបំភ្លឺរបស់ឈ្មោះ ប៊ូ វន្ថា ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកស្នងបារមី រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកមកជាមួយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ខ្លួនជាមួយជនរងគ្រោះ និងអ្នកមានជំនឿលេីខ្លួន ប្រមាណ ១៥នាក់ បាននាំគ្នាមកភ្នំគូលែននៅចំណុចវត្តចាស់ ដើម្បីធ្វើការតាំងសមាធិ ពេលមកដល់ពួកខ្លួនបានទៅសុំកន្លែងព្រះសង្ឃដើម្បីសមាធិ។

ក្រោយពីព្រះសង្ឃអនុញ្ញាត ខ្លួនបានរៃថវិកាគ្នាដើម្បីទិញសម្ភាររៀបចំកន្លែងសមាធិ។ លុះមកដល់វេលាម៉ោង១៤ នឹង១០ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២២២ ស្រាប់តែមានភ្លៀងធ្លាក់មួយមេលាយឡំទៅដោយខ្យល់ និងរន្ទះ ភ្លាមនោះខ្លួននឹងបក្សពួក បានចូលទៅជ្រកក្រោមកុដិលោក ស្រាប់តែមានរន្ទះបានបាញ់ចំកុដិលោក បណ្ដាលឱ្យត្រូវជនរងគ្រោះសន្លប់បាត់បង់ស្មារតី ពេលនោះខ្លួនបានជួយសង្រ្គោះ ដោយធ្វើចលនាបេះដូង ហើយបន្តដឹកទៅសង្រ្គោះនៅមណ្ឌលសុខភាពស្រុកស្វាយលើ ពេលទៅដល់លោកគ្រូពេទ្យបានជួយសង្គ្រោះតែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពីពិនិត្យសាកសព ផ្នែកក្បាល ដងខ្លួន និងអាវ:យវ: ដោយពុំឃើញមានស្លាកស្នាមត្រង់ចំនុចណានោះឡើយ។ តាមការសន្និដ្ឋាន និងយោងតាមការបំភ្លឺពីសាក្សី ព្រមទាំងការពិនិត្យកន្លែងកើតហេតុរបស់កម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌលសុខភាពស្វាយលើ ជនរងគ្រោះ គឺស្លាប់ដោយសារន្ទះបាញ់ពិតប្រាកដមែន។ ក្រោយការពិនិត្យចប់សមត្ថកិច្ច បានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds