ទីក្រុងកៀវ រុះចោលរូបសំណាកសម័យសូវៀត ដែលជានិមិត្តរូបនៃមិត្តភាព រុស្ស៉ី-អ៊ុយក្រែន
(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ បានរុះរើរូបសំណាកដ៏ធំមួយ សល់ពីអតីតសម័យសហភាពសូវៀត ដែលជានិមិត្តរូបនៃមិត្តភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ស្ថិតនៅចំកណ្តាលទីក្រុងកៀវ ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។
អភិបាលទីក្រុងកៀវ លោក វីតាលី ឃ្លីតស្កូ (Vitaly Klitschko) បានគូសបញ្ជាក់ថា «ឥឡូវនេះ យើងមើលឃើញយ៉ាងច្បាស់ថាអ្វីគឺជាមិត្តភាពនេះ នោះគឺការបំផ្លិចបំផ្លាញទីក្រុងជាច្រើនរបស់អ៊ុយក្រែន … ការសម្លាប់មនុស្សរាប់ម៉ឺននាក់។ ខ្ញុំជឿជាក់ថាអត្ថន័យនៃរូបសំណាកនេះបានផ្លាស់ប្តូរទាំងស្រុង នៅពេលនេះ»។ លោកបន្ថែមថា ក្លោងទ្វារនឹងនៅដដែល ប៉ុន្តែត្រូវប្តូរឈ្មោះជា«សេរីភាពនៃប្រជាជនអ៊ុយក្រែន» វិញ។
គួរបញ្ជាក់ថា រូបសំណាកសំរិទ្ធប្រវែងជាង៨ម៉ែត្រ ជាចម្លាក់រូបតំណាងឲ្យកម្មករអ៊ុយក្រែន និងរុស្សីកាន់ដៃគ្នា នៅលើជើងទម្រដែលបង្ហាញពីចំណង មិត្តភាពនៃសហភាពសូវៀត។ រូបសំណាកនេះស្ថិតនៅក្រោមក្លោងទ្វារមិត្តភាពប្រជាជនដែលត្រូវបានគេសាងសង់ក្នុងឆ្នាំ១៩៨២ ដើម្បីរំលឹកខួបលើកទី ៦០ នៃសហភាពសូវៀត៕