អង់គ្លេសថា សហគមន៍អន្តរជាតិជា អ្នកជួយបំពាក់អាវុធឱ្យអ៊ុយក្រែន មិនមែន NATO ទេ ក្រោយរុស្ស៉ីចោទថា NATO កំពុងប្រើអ៊ុយក្រែន ធ្វើសង្រ្គាមដោយប្រយោល
(ឡុងដ៍)៖ លោក ជែម ហ៉ីបពី (James Heappey) អនុរដ្ឋលេខាធិការក្រសួងការពារជាតិអង់គ្លេស ទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធ នៅថ្ងៃអង្គារនេះបានលើកឡើងថា សហគមន៍អន្តរជាតិទាំងមូល គឺមិនមែន NATO ទេ ដែលបាននិងកំពុងជួយផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានចោទថា បក្សសម្ព័ន្ធលោកខាងលិចមួយនេះ កំពុងធ្វើសង្រ្គាមដោយប្រយោលនៅអ៊ុយក្រែន ជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Sky News នៅពេលត្រូវបានសួរសំណួរ ពាក់ព័ន្ធការចោទប្រកាន់របស់រុស្ស៉ី លោក Heappey បាននិយាយដូច្នេះថា «សហគមន៍អន្តរជាតិ មិនមែនជា NATO ទេ។ កិច្ចប្រឹងប្រែងជួយជ្រោមជ្រែងផ្តល់សព្វាវុធឱ្យអ៊ុយក្រែននេះ កើតឡើងពីការចូលរួមរបស់ បណ្តាប្រទេសដែលភាគច្រើន គឺជាសមាជិក NATO ក៏ពិតមែន ប៉ុន្តែក៏មានប្រទេសដទៃៗទៀតដែរ ពោលគឺមិនមែន NATO នោះឡើយ ដែលកំពុងផ្តល់ជំនួយយោធាដល់អ៊ុយក្រែន»។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ទើបតែបានព្រមានពិភពលោក កុំឱ្យមើលស្រាលចំពោះហានិភ័យនៃ ការផ្ទុះឡើងនូវសង្រ្គាមនុយក្លេអ៊ែរ ហើយលោកថែមទាំងបានសង្កត់ធ្ងន់ថា ការផ្គត់ផ្គង់អាវុធដោយ NATO ទៅកាន់អ៊ុយក្រែន គឺហាក់ស្មើនឹងមានន័យថា បក្សសម្ព័ន្ធយោធានេះ កំពុងចូលរួមធ្វើសង្រ្គាមដោយប្រយោលប្រឆាំងនឹងរុស្ស៉ី នៅអ៊ុយក្រែន យ៉ាងដូច្នោះ៕