អ្នកនាំពាក្យ ស្នើអាជ្ញាធរ គ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសដាក់អន្ទាក់ ប្រមាញ់សត្វព្រៃគ្រប់ប្រភេទ
ស្ទឹងត្រែង៖ អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើសុំអោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្សនិងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត»។
ការថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះនៅទីរួមខេត្តស្ទឹងត្រែង មួយថ្ងៃមុនការ បើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តស្ទឹងត្រែងដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែក្នុងខេត្ត ៦ ភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មានជំនឿថានឹងចូលរួមក្នុងការកែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមិនត្រឹមតែផ្តល់ជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វព្រៃរស់នៅនោះទេ តែក៏ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះក្នុងរស់នៅ។
លោក នេត្រ ភក្ត្រា ថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានជិត ១០ ឆ្នាំចុងក្រោយនេះ ជាមួយការបង្កើនការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយបានទូលំទូលាយ ព្រមទាំងការអភិរក្សធនធានធម្មជាតិមានភាពកាន់តែល្អប្រសើរ ការសិក្សាបានវាយតម្លៃថាប្រភេទសត្វព្រៃមួយចំនួនរក្សាបានស្ថេរភាពដូចជាប្រភេទស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ ប្រភេទសត្វព្រៃខ្លះកើនឡើងដូចសត្វក្ងោក ស្វាត្រោសជាដើម ប៉ុន្តែប្រភេទសត្វព្រៃខ្លះជាពិសេសប្រភេទសត្វក្រចកជើងចំពាម បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដូចជា សត្វទន្សោង សត្វខ្ទីង សត្វប្រើស សត្វឈ្លូស ក្តាន់ រម៊ាំងជាដើម។
លោកថា ក្រុមអ្នកស្រាវជ្រាវក្រសួងបរិស្ថាននិងអង្គការដៃគូក៏បានរកឃើញប្រភេទសត្វកម្រផ្សេងទៀតដែល បន្តមានវត្តមាននៅកម្ពុជា តែពុំទាន់មានការសិក្សាពីចំនួនប្រជាសាស្ត្ររបស់វានៅឡើយដូចជាឈ្លូសយក្ស ខ្លារខិន ខ្លាពពក ខ្លាលឿងមាស ឆ្កែចចក ឆ្កែព្រៃ ជ្រូកពោនជាដើម។
លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តបានខិតខំសហការជាមួយអាជ្ញាធរ និងអង្គការដៃគូពាក់ព័ន្ធរួមនឹងសហគមន៍មូដលដ្ឋាននានា ចុះល្បាត និងការអប់រំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃ និងធនធានធម្មជាតិជាដើម។
ក្នុងឆ្នាំ ២០២១ ក្រសួង បរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ៕