ក្រសួងកសិកម្ម ស្នើ សមត្ថកិច្ចពាក់ព័ន្ធ ថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផល
ភ្នំពេញ៖ ដើម្បីពង្រឹង ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ រដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានាក្នុងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្មចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ដើម្បីឆ្លើយតបទៅនឹងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនាន និងអនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្នុងការពង្រឹងការគ្រប់គ្រងធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផលឱ្យបានល្អប្រសើរ។
ក្រសួងបានអំពាវនាវឱ្យ សមត្ថកិច្ចពាក់ព័ន្ធត្រូវទប់ស្កាត់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ និងដីព្រៃលិចទឹក ដោយចាត់វិធានការ គ្រប់គ្រង បើក្នុងករណីប្រទះឃើញបទល្មើសជាក់ស្ដែង ត្រូវចាត់វិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ តាមដែន សមត្ថកិច្ចរៀងៗខ្លួន ក្នុងករណីបទល្មើសមានទ្រង់ទ្រាយធំ និងបទល្មើសធ្ងន់ធ្ងរមានលក្ខណៈស្មុគស្មាញ ត្រូវរាយការណ៍ និងសុំអន្តរាគមន៍ជាបន្ទាន់ដោយធ្វើការរួមជាមួយអង្គភាពជំនាញ។
គួរបញ្ជាក់ដែរថា កន្លងមកក្នុងដំណើរការកំណែទម្រង់ស៊ីជម្រៅគ្រប់គ្រងធនធានធម្មជាតិក្នុងវិស័យព្រៃឈើ និងជលផល រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេស ការបែងចែកឡើងវិញនូវសមត្ថកិច្ចទទួលខុសត្រូវឱ្យបានច្បាស់លាស់រវាងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ ព្រមទាំងរវាង ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវការលើកកម្ពស់ប្រសិទ្ធភាព និងនិរន្តរភាពការគ្រប់គ្រងធនធានធម្មជាតិ៕