លោក ប៉ាន សូរស័ក្តិ គាំទ្រអ្នកវិនិយោគិនកូរ៉េដែលចង់សហការជាមួយកម្ពុជា ប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង
ភ្នំពេញ៖ បន្ទាប់ពីអ្នកវិនិយោគិនកូរ៉េ ចង់សហការជាមួយកម្ពុជា ប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល លោក ប៉ាន សូរស័ក្តិ គាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ។
ក្នុងជំនួបពិភាក្សាការងារជាមួយអ្នកវិនិយោគិនកូរ៉េ កាលពីរសៀលថ្ងៃទី ០១ ខែ មេសា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ លោកក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។
តំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ បានអោយដឹងថា ចក្ខុវិស័យរបស់ក្រុមហ៊ុន និងគោលបំណងស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ ជាដើម។ ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យកន្លងមក មករួមចំណែកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។
វិនិយោគិនកូរ៉េ បានប្តេជ្ញាកៀរគរធុរជន និងវិនិយោគិនពីកូរ៉េមកកម្ពុជាបន្ថែមទៀតផងដែរ៕