អ្នកវិនិយោគិនកូរ៉េ ចង់សហការជាមួយកម្ពុជា ប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង
ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី ០១ ខែ មេសា អ្នកវិនិយោគិនកូរ៉េ ចង់សហការជាមួយកម្ពុជា ប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។
តំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ បានអោយដឹងថា គោលបំណងស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយសង្កេតឃើញ កម្ពុជា មានសក្តានុពលនិងការរីកចម្រើនឥតឈប់ឈរ ក្រុមហ៊ុនចង់យកបទពិសោធន៍ជោគជ័យរបស់ខ្លួនកន្លងមក យកមកអនុវត្តនៅកម្ពុជា ដើម្បីប្រែក្លាយទីក្រុងភ្នំពេញឱ្យក្លាយជាទីក្រុងបៃតង ដូចទីក្រុងសេអ៊ូល។
ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្តែងការគាំទ្រលើគម្រោងធុរកិច្ចទាំងនេះ ដែលនឹងរួមចំណែកជួយធ្វើឱ្យប្រសើរឡើងនូវបរិស្ថាននៅក្នុងទីក្រុងភ្នំពេញ និងបានណែនាំក្រុមហ៊ុនឱ្យធ្វើការជាមួយដៃគូក្នុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឱ្យគម្រោងទទួលបានជោគជ័យ។ លោកក៏បានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េ ជាពិសេសក្រុមហ៊ុនកូរ៉េធំៗ មកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន បន្ថែមទៀត។
តាមរយៈវិធានការមុតស្រួចនានាដែលបានដាក់ចេញ ជាពិសេសយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចឡើងវិញរបស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងងើបឡើងវិញជាមួយនឹងកំណើន៥,៦% ក្នុងឆ្នាំ២០២២ និង៦,៦% ក្នុងឆ្នាំ២០២៣ មុននឹងឈានទៅដល់ ៧% ត្រឹមឆ្នាំ២០២៤ ដែលនេះជាដំណឹងដ៏ល្អសម្រាប់វិស័យធុរកិច្ច។
លោករដ្ឋមន្រ្តីបន្តលើកឡើងអំពីសក្ដានុពលរបស់កម្ពុជា ដោយដាក់ចេញនូវយុទ្ធសាស្រ្តយ៉ាងច្បាស់លាស់ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវច្បាប់ និងបទប្បញ្ញត្តិនានា មានជាអាទិ៍ច្បាប់ស្តីពីកិច្ចប្រកួតប្រជែង ច្បាប់ស្តីពីវិនិយោគ ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។
វិនិយោគិនកូរ៉េ បានប្តេជ្ញាកៀរគរធុរជន និងវិនិយោគិនពីកូរ៉េមកកម្ពុជាបន្ថែមទៀតផងដែរ៕