ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ

មណ្ឌលគិរី ៖ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលនឹងរួមចំណែកបង្កើនកេរ្តិ៍ឈ្មោះ និងបង្កើនជំនឿទំនុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់។ ពិធីប្រកាសដាក់ឱ្យប្រាស់ជាផ្លូវការនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ នេះ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានអោយដឹងថា«ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ គឺជាការធានាផ្លូវច្បាប់ដើម្បីឱ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផលទឹកឃ្មុំព្រៃមណ្ឌលគិរី ដើម្បីបង្កើនកេរ្តិ៍ឈ្មោះទឹកឃ្មុំព្រៃមណ្ឌលគិរី និងបង្កើនជំនឿទំនុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ»

លោករដ្ឋមន្ត្រីបន្តថា ក្រសួងពាណិជ្ជកម្មបានកំណត់យកទឹកឃ្មុំព្រៃមណ្ឌលគិរី ចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមកិច្ចគាំទ្រពីអង្គការដៃគូរអភិវឌ្ឍន៍ ដោយបានរៀបចំឯកសារគតិយុត្ត ដូចជាការរៀបចំចងក្រងសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សៀវភៅបន្ទុកទឹកឃ្មុំព្រៃមណ្ឌលគិរី ការកំណត់តំបន់ភូមិសាស្រ្តនៃការប្រមូលផលទឹកឃ្មុំ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងឯកសារពាក់ព័ន្ធផ្សេងៗ។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា «ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ មិនត្រឹមតែជាអត្តសញ្ញាណផលិតផលរបស់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរីតែមួយប៉ុណ្នោះទេ ប៉ុន្តែវានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ»

លោករដ្ឋមន្ត្រី ក៏បានរំលឹកដែរថា ការថែរក្សា និងធានាកេរ្តិ៍ឈ្មោះ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» រួមនឹងការទាញអត្ថប្រយោជន៍ពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ គឺអាស្រ័យលើការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗនៅក្នុងសហគមន៍ ដែលចាំបាច់ត្រូវមានសាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និងអភិបាលកិច្ចគ្រប់គ្រងល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ទើបម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ផ្តល់នូវគុណតម្លៃពិតប្រាកដ ព្រមទាំងធានានូវនិរន្តភាពសម្រាប់អ្នកជំនាន់ក្រោយ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មានសក្តានុពលចំនួន០៤ រួមមាន៖ «ម្រេចកំពត» «ស្ករត្នោតកំពង់ស្ពឺ» «ក្រូចថ្លុងកោះទ្រង់» និង «ទឹកឃ្មុំព្រៃមណ្ឌលគិរី»។ ក្នុងនៅក្រសួងក៏គ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត រួមមាន៖ «អំបិល និងផ្កាអំបិលកំពត» «បង្កងតាកែវ» និង «ទឹកត្រីកំពត»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds