សម្តេចតេជោ ៖ ចំណូលពន្ធដារឆ្នាំ២០២១ បានសម្រេចលើសផែនការរហូតដល់ជាង ២៤%

ភ្នំពេញ ៖ ការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារនៅឆ្នាំ២០២១ បានសម្រេចបានលើសផែនការរហូតដល់ ២៤.០២ភាគរយ ស្មើនឹង ២ ១៨២.៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨.៨៥ លានដុល្លារ។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោជូនលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

តាមរយៈលិខិត សម្តេចតេជោ ហ៊ុន សែន បេសកកម្មយ៉ាងជោគជ័យ ដោយបានប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ បានលើសផែនការដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុ។ ការសម្រេចបាននូវលទ្ធផលប្រមដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្រ្តនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការរហូតដល់ ២៤.០២ភាគរយ ស្មើនឹង ២ ១៨២.៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨.៨៥ លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារបានប្រមូលលើសផែនការខាងលើ ពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា បាននិងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ ពីភាពរឹងមាំនៃឯករាជ្យភាពនិងអធិបតេយ្យភាពជាតិរបស់កម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រកាសគាំទ្រចំពោះវិធានការនានា ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការប្រមូលចំណូលពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់»

សូមបញ្ជាក់ថា សម្រាប់រយៈពេល១២ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបប្រមូលបានមានចំនួន ១១ ២៦៦.៧៩ ប៊ីលានរៀល (ប្រមាណជា ២,៧៨១.៩២ លានដុល្លារ) ធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលតម្រូវឱ្យប្រមូលចំណូលឱ្យបានចំនួន ៩ ០៨៤.៤២ ប៊ីលានរៀល (ប្រមាណជា ២ ២៤៣.០៧ លានដុល្លារ) មានស្ថានភាពល្អប្រសើរ គឺស្មើនឹង ១២៤.០២% នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការចំនួន ២៤.០២% ស្មើនឹង ២ ១៨២.៣៧ប៊ីលានរៀល ប្រមាណជា ៥៣៨.៨៥លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds