កូនដំរី ជីពេជ្រ បានចាប់កំណើតដោយមានមេជាដំរីស្រុកនិងបាជាដំរីព្រៃ

មណ្ឌលគីរី ៖ ដំរីស្រុកញីមួយក្បាលដែលត្រូវបានដំរីព្រៃឈ្មោលចេញមកគៀងចូលទៅព្រៃកាលពី២ឆ្នាំមុន បានផ្ដល់កំណើតឲ្យកូនមួយក្បាល ខណៈកូនដំរីនេះកំពុងស្ថិតនៅក្នុងការមើលថែពីសំណាក់ជនជាតិដើមភាគតិចព្នងនៅក្នុងខេត្តមណ្ឌលគិរី។

កញ្ញា Jemma Bullock ប្រធានអង្គការ ELIE ធ្វើការងារលើការអភិរក្សសត្វដំរី បានលើកឡើងថា រូបនាងពិតជាមានសេចក្តីរំភើបរីករាយបំផុតព្រោះជាលើកទីមួយហើយដែលមានកូនដំរីស្រុកកាត់ព្រៃនៅលើទឹកដីនៃខេត្តមណ្ឌលគិរី។ មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះមានតម្លៃស្មើគ្រាប់ពេជ្រមួយគ្រាប់ដែលបានចាប់កំណើតនៅខេត្តមណ្ឌលគិរី។

កញ្ញាបានបន្តទៀតថា អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ ឆ្នាំមុន មានដំរីព្រៃឈ្មោលមួយក្បាលបានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានដើរឆ្លងកាត់ ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ទីតាំងអភិរក្សសត្វដំរី Elephant Valley Project របស់យើង បន្ទាប់មកបាននាំជីប៉ាល់ទៅក្នុងព្រៃជាមួយរយៈពេល ២សប្តាហ៍ ដែលជាលទ្ធផលធ្វើអោយនាង(ជីប៉ាល) មានផ្ទៃពោះដោយមិនបានព្រៀងទុក។

កញ្ញាបានបន្តទៀតថា ម្តាយនឹងកូនមានសុខភាពល្អបន្ទាប់ពីបានសម្រាលកូនបានបីថ្ងៃ ដែលជីប៉ាល់បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាលជីពេជ្រ។ បច្ចុប្បន្ន ជីពេជ្រ មានសុខភាពល្អ ក្រោមការមើលថែរបស់ក្រុមការងារអភិរក្សសត្វដំរី នឹងម្តាយរបស់នាងផងដែរ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានអោយដឹងថា កូនដំរីមួយក្បាលនេះមានឈ្មោះថា ជីពេជ្រ គឺជាកូនដំរីព្រៃញីដែលមានបាជាដំរីព្រៃឈ្មោល និងមេជាដំរីស្រុកញីឈ្មោះ ជីប៉ាល់។

កូនដំរី ជីពេជ្រ កើតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីអាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារអភិរក្ស មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងជនជាតិដើមភាគតិចព្នងនៅភូមិពូត្រុំរង់ចាំអស់រយ:ពេល ២៣ខែ ៣ថ្ងៃ។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ជីពេជ្រ គឺជាកូន ដំរីស្រុកទី២ ដែលបានកើតក្នុងរយៈពេល ៣ ខែចុងក្រោយក្រោយនេះ ខណៈកាលពីខែធ្នូ ឆ្នាំ២០២១ កូនដំរីស្រុកមួយក្បាលឈ្មោះណូអ៊ែលបានកើតនៅលើទឹកដីខេត្តរតនគិរី។ នេះគឺជាដំណឹងដ៏គួរឱ្យរីក រាយបំផុត។

ឯកឧត្តមបានថ្លែងថា វត្តមាននៃកូនដំរីព្រៃ និងកូនដំរីក្នុងស្រុកគឺជាក្តីសង្ឃឹមនៃការអភិរក្សសត្វដំរីអាស៊ីនៅកម្ពុជា។ នៅកម្ពុជាមានដំរីអាស៊ីចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ ក្បាល។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds