អាជ្ញាធរខេត្តបាត់ដំបងនឹងបង្កើតឲ្យមានទីបញ្ជាការស្រាលនៅតំបន់ដែនទឹកបឹងទន្លេសាប

បាត់ដំបង៖ ដើម្បីគ្រប់គ្រងបង្ក្រាបបទល្មើស និងជំរឿនហាមឃាត់ឧបករណ៍នេសាទខុសច្បាប់ការពារពូជមច្ឆាជាតិឡើងវិញ អាជ្ញាធរខេត្តបាត់ដំបងនឹងបង្កើតឲ្យមានទីបញ្ជាការស្រាលនៅតំបន់ដែនទឹកបឹងទន្លេសាប។

ថ្លែងក្នុងដំណើរចុះជួបជាមួយពលរដ្ឋជាប្រជានេសាទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្នុងនៅស្រុកឯកភ្នំ អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានអោយដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្តេជ្ញាប្រកាន់ជំហរក្នុងកិច្ចសហការបង្ក្រាបបទល្មើសនេសាទផ្សេងៗ ដោយចាប់ពីពេលនេះតទៅ គឺអនុវត្តច្បាប់ឈប់លើកលែងឬអប់រំដូចមុនទៀតហើយ ពិសេសអ្នកដែលពាក់ព័ន្ធនឹងបទល្មើសនេសាទ ដូចជាការឃុបឃិតយកលុយយកកាក់ជាដើម។

លោកថា នាពេលឆាប់ៗខាងមុខនេះរដ្ឋបាលខេត្ត នឹងបង្កើតទីបញ្ជាការស្រាលមួយសម្រាប់អនុវត្តការគ្រប់គ្រង និងបង្ក្រាបបទល្មើសនេសាទនៅហ្នឹងកន្លែង ហើយបន្តផ្សព្វផ្សាយ និងចុះធ្វើជំរឿនឧបករណ៍នេសាទលើប្រជានេសាទ ក្នុងករណីរកឃើញថាមានឧបករណ៍នេសាទខុសច្បាប់អនុវត្តវិធានការដកហូតទុក ឬបំផ្លាញចោល ដូច្នេះកងកម្លាំង ឬមន្ត្រីបំពេញការងារត្រូវពង្រឹងពិនិត្យបញ្ជីឈ្មោះអ្នកដែលបានប្រព្រឹត្តបទល្មើសដដែលហើយត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។

ជាមួយគ្នានេះដែរ លោកបានបន្តណែនាំ និងជំរុញដល់អភិបាលស្រុក មន្រ្ដីជំនាញ កងកម្លាំងប្រដាប់អាវុធ ប្ដេជ្ញាសហការរួមគ្នាធានាការទប់ស្កាត់បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងករណីមានបទល្មើសនេសាទមិនថាទ្រង់ទ្រាយតូច ឬធំត្រូវតែទប់ស្កាត់ដើម្បីរក្សាបាននូវពូជមច្ឆជាតិនៅក្នុងបឹងទន្លេសាបកុំឲ្យបាត់បង់ ហើយក្នុងករណីមន្រ្ដីណាម្នាក់មានការពាក់ព័ន្ធទៅនឹងបទល្មើសខាងលើត្រូវប្រញាប់ដកខ្លួនជាបន្ទាន់ បើពុំនោះទេនឹងត្រូវប្រឈមចំពោះមុខច្បាប់ដោយមិនលើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds