ឯកឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សោតទស្សន៍​ ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ អញ្ជើញ​ចូលរួម​បិទវគ្គ​បណ្ដុះបណ្ដាល​ និង​ប្រគល់​វិញ្ញាបនប័ត្រ​ជូន​សិក្ខាកាម​ ២៨៧នាក់

ភ្នំពេញ​៖​ នៅរសៀល​ថ្ងៃ​សៅរ៍​ ៩រោច​ ខែ​ផល្គុន​ ឆ្នាំ​ឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ផុស​ សុវណ្ណ​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​សោតទស្សន៍​ ​តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ បាន​អញ្ជើញ​ជា​អធិបតីភាព​ចូលរួម​បិទវគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​”សេចក្ដី​រាយការណ៍​ និង​ការសរសេរ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​”​ នៅអាគារ​សន្និបាត​ផ្សារខេស៊ី​ ស្ថិត​នៅ​ភូមិ​ចំការ​ឪឡឹក​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានី​ភ្នំពេញ​ ដែលរៀបចំដោយ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​។  

ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​ ហោ​ គន្ធា​ ប្រធាន​ស្ថាបនិក​ នៃ​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​រាយការណ៍​ថា​ សិក្ខាកាម​ដែល​បាន​ចូលរួម​សិក្សា​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដែល​មាន​រយៈ​ ០៣​ ថ្ងៃ​កន្លង​មក​ មាន​សរុប​ចំនួន​ ២៨៧នាក់​ មកពីបណ្ដាលខេត្ដផ្សេងៗ​ ក្នុងនោះ​ស្រី​ចំនួន​ ៤៧នាក់​ ប្រុស​ ចំនួន​ ២៤០នាក់។ ​ អ្នក​សារព័ត៌មាន​ចំនួន​ ២៥០នាក់​ និស្សិត​មកពី​សាកលវិទ្យាល័យ​បៀល​ប្រាយ​ ចំនួន​ ៣៧​នាក់​ និងសាស្រ្ដាចារ្យបណ្ដុះបណ្ដាល​ចំនួន​១នាក់​ វាគ្មិនកិត្ដិយស​ ចំនួន​៤នាក់​ ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​លេីវិស័យ​សារព័ត៌មាន​។  

​ ថ្លែង​ក្នុង​ចំណាប់អារម្មណ៍​ប្រកាស​បិទ​វគ្គ​បណ្ដុះបណ្ដាល​ និង​ប្រគល់​វិញ្ញាបនប័ត្រ​ ឯកឧត្ដម​ ផុស​ សុវណ្ណ​ បាន​លេីកឡេីង​ថា​អ្នកសារព័ត៌មាន​គប្បី​ត្រូវ​មាន​វិជ្ជាជីវៈ​សារព័ត៌មាន​ជាចម្បង​ ដេីម្បី​ឆ្លើយ​តបទៅ​និង​ស្ថានភាព​ទូទៅ​ វិជ្ជាជីវៈ​ និង​ក្រមសីលធម៌​ មិន​អាចខ្វះបានឡេីយ​។  ឯកឧត្ដម​ ​បាន​បន្ថែម​ទៀត​ថា​ សារព័ត៌មាន​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ជួយ​កិច្ចការ​សង្គម​ និង​អាច​ផ្សព្វផ្សាយ​លេីក​កម្ពស់​បាន​ស្ទើរ​គ្រប់​វិស័យ​។ 

​ឯកឧត្ដម​ បាន​លេីក​សរសើរ​ពីស្មារតី​ ខិតខំ​ប្រឹងប្រែង​ របស់​សិក្ខាកាម​ ដែល​ចំណាយ​ពេលវេលា​មក​ចូលរួម​សិក្សា​ក្នុងវគ្គ​បណ្ដុះ​បណ្ដាល​អស់​រយៈ​ ៣​ សប្ដាហ៍​ ដែល​រៀបចំឡើង​ដោយ​ សមគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ ស្រប​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ថ្លែង​ក្នុង​ពិធី​អាហារ​សាមគ្គី​ជាមួយ​អ្នក​សារព័ត៌មាន​ កាល​ពី​ឆ្នាំ​ ២០១១​ -​ ២០១២​ កន្លងទៅ​ ជា​សារ​ជំរុញ​ឲ្យ​ អង្គភាព​ សមាគម​ រៀបចំ​វគ្គបណ្ដុះបណ្ដាល​ សិក្ខាសាលា​ ពាក់ព័ន្ធ​នឹង​សារព័ត៌មាន​អោយបាន​ច្រើន​។  

មុន​នឹង​បិទ​បញ្ចប់កម្មវិធី​​ ឯកឧត្ដម​​​ បានចែក​និង​ប្រគល់​វិញ្ញាបនប័ត្រ​បញ្ជាក់​ការសិក្សា​ជូន​ទៅ​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​ដោយជោគជ័យ​ និង​ថតរូប​អនុស្សាវរីយ​ជាមួយ​សិក្ខាកាម​ទាំងអស់​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds