គ.ជ.ប សម្រេចលុបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត នៃបក្សភ្លើងទៀន នៅសង្កាត់ទទួលស្វាយព្រៃទី១

ភ្នំពេញ៖ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) បានបញ្ជាក់ថា ការលុបបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត នៃគណបក្សភ្លើងទៀន នៅសង្កាត់ទទួលស្វាយព្រៃទី១ គឺស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមក្រុមប្រឹក្សាឃុំ សង្កាត់ ខណៈបក្សនេះ បានក្លែងបន្លំឯកសារ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការ​លុប​បញ្ជី​បេក្ខជនឈរ​ឈ្មោះបោះឆ្នោត ​បក្សភ្លើងទៀន ​នៅសង្កាត់ទទួលស្វាយព្រៃទី១ នៅថ្ងៃទី២៥ ខែមីនានេះ ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានអះអាងថា​ ក្រោយពីលុបបញ្ជីឈ្មោះបេក្ខជនបក្សភ្លើងទៀន​ អង្គការជាតិ និងអន្តរជាតិ ​បំពេញការងារពាក់ព័ន្ធ​នឹងការបោះឆ្នោត ​មិនបានរិះគន់មកលើស្ថាប័ន គ.ជ.បនោះទេ ពោលគឺដោយគ.ជ.ប មាន​ភស្តុតាង​ច្បាស់លាស់​ មុននឹងមានការសម្រេច។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីលទ្ធផលសវនាការជាសាធារណៈ ដោះស្រាយ​ពាក្យបណ្ដឹងបដិសេធបញ្ជីបេក្ខជន ​នៃគណបក្សភ្លើងទៀន ​កាលពីថ្ងៃទី២២ ​ខែមីនា ឆ្នាំ២០២២ បាន​ឲ្យដឹងថា បន្ទាប់ពីទទួលបណ្ដឹង​របស់ពលរដ្ឋឈ្មោះ ម៉ៅ មុន្នី ​បានឆ្លើយនៅក្នុងសវនាការ គឺ​ឈ្មោះបេក្ខជន៤រូប ​ក្នុងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន​ នៅសង្កាត់ទួលស្វាយព្រៃទី១ ពួកគេ​មិន​បានសរសេរ ​និងផ្ដិតមេដៃ ​ឬចុះហត្ថលេខាលើជីវប្រវត្តិសង្ខេប និងសេចក្តីប្រកាសយល់ព្រម​ឈរ​ឈ្មោះជាបេក្ខជន​ នៃគណបក្សមួយនេះ។

តាមការឆ្លើយបំភ្លឺលោក យ៉ែម សារ៉ាក់ ​តំណាងគណបក្សភ្លើងទៀន ក្នុងសវនាការ​បាន​ទទួល​ស្គាល់ថា ​បេក្ខជនទាំង៤រូបខាងលើ ពិតជាមិនបានបំពេញ​ឯកសារដូច​ការ​លើកឡើង​របស់​ដើមបណ្ដឹងចោទប្រាកដមែន។

មាត្រា ៣៥ នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា/ឃុំសង្កាត់ ដែល​ត្រូវមាន​លក្ខខណ្ឌដូចជា៖ បេក្ខជនឈឈ្មោះត្រូវ​មាន​សញ្ជាតិខ្មែរពីកំណើត​ ចេះអាន និង​សរសេរអក្សខ្មែរ បាន​ចុះឈ្មោះ​ក្នុង​បញ្ជីបោះឆ្នោត​ក្នុងឃុំ/សង្កាត់ដែលខ្លួន​មានបំណង​ឈរ​ឈ្មោះ​បោះឆ្នោត ​និងមានអាយុយ៉ាងតិច២៥ឆ្នាំ ​គិតមកដល់ទល់ថ្ងៃបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ/សង្កាត់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds