CHRC នឹងនាំយកអនុសាសន៍ ៣៨ចំណុច ទៅ UN ជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) នឹងនាំយកអនុសាសន៍ចំនួន ៣៨ចំណុច ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីធ្វើរបាយការណ៍ទៅអង្គការសហប្រជាជាតិ (UN) ដែលជារបាយការណ៍ពាក់កណ្ដាលអាណត្តិរបស់រាជរដ្ឋាភិបាល បញ្ចប់ការពិនិត្យជាសាកល នៅឆ្នាំ២០១៩ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម កត្តា អ៊ន សមាជិក( CHRC )​នៅក្នុងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ ពាក់កណ្ដាលអាណត្តិ នៃការត្រួតពិនិត្យជាសាកលតាមកាលកំណត់ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីត្រួតពិនិត្យវដ្ដទី៣ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម កត្តា អ៊ន បានលើកឡើងថា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានទទួលអនុសាសន៍ចំនួន១៧៣ចំណុច ក្នុងចំណោម១៩៨ចំណុច ផ្ដល់មកពីប្រទេសចំនួន៧៣ ក្នុងការត្រួតពិនិត្យ និងបានកត់សម្គាល់អនុសាសន៍ចំនួន២៥ ដោយក្នុងរយៈពេល ២ឆ្នាំមកនេះ បានបែងចែកអនុសាសន៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធ និងបានប្រមូលចងក្រង ធ្វើរបាយកាណ៍ពាក់កណ្ដាលអាណត្តិ ។

ឯកឧត្តមបន្តថា របាយការណ៍ពាក់កណ្ដាលអាណត្តិនេះ ជាការផ្សព្វផ្សាយទៅក្រសួងស្ថាប័នពាក់ព័ន្ធ អំពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលអនុវត្តកន្លងមក ក៏ដូចជាសាធារណជន អង្គការសង្គមស៊ីវិល និងតំណាងអង្គទូតនានា ដែលជាម្ចាស់ផ្ដល់អនុសាសន៍ បានយល់បានឃើញនូវសមិទ្ធផលក្នុងការអនុវត្តអនុសាសន៍សិទ្ធិមនុស្ស ដែលកម្ពុជាទទួលយករយៈពេល ២ឆ្នាំមកនេះ ។

ក្នុងកិច្ចពិគ្រោះយោយល់នោះ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ការធ្វើរបាយការណ៍នេះ គឺជាតួនាទីភារកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសមាជិក នៃកតិការសញ្ញា ជាសមាជិក UN ចាំបាច់ត្រូវតែឡើងទៅការពារ ឬផ្ញើរបាយការណ៍ ជារៀងរាល់៤ឆ្នាំ ឬ៥ឆ្នាំម្ដង ។

ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ការទៅការពារនេះ គឺធ្វើនៅមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងក្រុងសឺណែវ ហើយការធ្វើនេះ មិនមែនតែកម្ពុជាទេ គឺគ្រប់ប្រទេសទាំងអស់ ខណៈកម្ពុជាបានឡើងការពារដល់ជុំទី៣ ដែលលើកទី១ នៅឆ្នាំ២០០៩ លើកទី២ ឆ្នាំ២០១៤ និងជុំទី៣ នៅឆ្នាំ២០១៩ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds