មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ជំរុញឱ្យ ប្រជាពលរដ្ឋ ចូលរួមគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើន
ភ្នំពេញ៖ ខណៈបច្ចុប្បន្នការប្រើប្រាស់ប្រាក់រៀល នៅមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានជំរុញឱ្យ ប្រជាពលរដ្ឋ ពិសេសយុវជនកម្ពុជាចូលរួមគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យបានច្រើនបន្ថែមទៀត ។
ថ្លែងក្នុងទិវាប្រាក់រៀល ខួបលើកទី៤២នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ថ្ងៃទី២០ ខែមីនានេះលោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា បានអោយដឹងថា បច្ចុប្បន្នការចរាចរណ៍ប្រាក់ដុល្លារ នៅកម្ពុជា នៅតែមានកម្រិតខ្ពស់ដដែល បើធៀបទៅនឹងប្រាក់រៀល ពោលគឺប្រមាណជាង ៨៥ភាគរយ ខណៈប្រាក់រៀលមានប្រហែល១០ទៅ១៥ភាគរយប៉ុណ្ណោះ។
អគ្គនាយករូបនេះបន្តថា ជាទូទៅតាមការអង្កេតរបស់ធនាគារជាតិនៃកម្ពុជា ឃើញថា ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាច្រើនតែប្រើប្រាស់នៅតាមទីជនបទ ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍គឺការប្រើប្រាស់ប្រាក់រៀល នៅតាមប្រព័ន្ធអេឡេត្រូនិចពិសេសនៅតាមប្រព័ន្ធបាគងដែលធនាគារជាតិបានដាក់ឱ្យប្រើប្រាស់ឃើញថាមានការទូទាត់ជាប្រាក់រៀលកើនច្រើន។
លោកស្រីទទួលស្គាល់ថា បច្ចុប្បន្ននេះ ប្រជាជនតែងតែរអ៊ូរទាំថា ចាយប្រាក់រៀលកាន់ក្រដាសលុយច្រើន ក្រដាសលុយកខ្វក់ ឬមានលេខសូន្យច្រើនពេក ដែលចំណុចទាំងអស់នេះ ធនាគារជាតិនឹងខិតខំធ្វើយ៉ាងណាឱ្យមានប្រាក់ថ្មីចរាចរណ៍និងព្យាយាមធ្វើយ៉ាងណាឱ្យក្រដាសប្រាក់យើងមានភាពទាក់ទាញជាងមុន។
ទម្ទឹមនឹងនេះលោកស្រី បានជំរុញឱ្យយុវជនក្មេងៗចូលរួមគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើនដើម្បីលើកកម្ពស់ប្រាក់ជាតិយើង។
លោកស្រី ជា សិរី បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះមានយុវជនច្រើនស្រលាញ់ប្រាក់រៀលប៉ុន្តែអ្វីដែលសកម្មភាពនៅមានកម្រិតដោយការស្រឡាញ់របស់គាត់ មិនទាន់អស់ពីបេះដូងនៅឡើយ។ ជាមួយនឹងឧបករណ៍ទូទាត់ទំនើបដូចជាប្រព័ន្ធបាគងនឹងធ្វើឱ្យយុវជនមានការស្រឡាញ់ប្រាក់រៀលកាន់តែច្រើនឡើថែមទៀត។
ជាមួយគ្នានេះដែរលោកស្រីបានបញ្ជាក់ថា ធនាគារជាតិបានខិតខំផ្សព្វផ្សាយយ៉ាងច្រើនដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពិយុវជនយើងបានស្គាល់និងប្រើប្រាស់ប្រាក់រៀល។ចំណែកក្រសួងពាណិជ្ជកម្មក៏បានប្រកាសឱ្យផ្សារទំនើបបិទតម្លៃទំនិញជាប្រាក់រៀលផងដែរ តែនៅមិនទាន់អនុវត្តបានច្រើននៅឡើយទេ។ ទោះយ៉ាងណា មានហាងក្រុមហ៊ុនមួយចំនួនបានអនុវត្តរួចហើយដូចជាផ្សារទំនើបឡាក់គីជាដើម៕