ប្រជាជនអេស្ប៉ាញ ធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងសំាងឡើងថ្លៃ, អំពាវនាវឱ្យរដ្ឋបន្ធូរបន្ថយពន្ធ
(ម៉ាឌ្រីដ)៖ ប្រជាជនអេស្ប៉ាញរាប់ពាន់នាក់ បាននាំគ្នាធ្វើបាតុកម្មតវ៉ានៅតាមដងផ្លូវ នៅទូទាំងប្រទេស កាលពីចុងសប្តាហ៍ កន្លងទៅនេះ ចំពោះមុខតម្លៃម្ហូបអាហារ, អគ្គិសនី និងប្រេងឥន្ធនៈបានកើនឡើង ដោយសារតែសង្រ្គាមរវាងរុស្ស៊ី និង អ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មានចិន Global Times នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។
ការប្រមូលផ្តុំគ្នាតវ៉ាដឹកនាំដោយគណបក្សស្តាំនិយម Vox party បានធ្វើឡើងនៅក្នុងទីក្រុងសំខាន់ៗរបស់អេស្ប៉ាញ ដើម្បីបង្ហាញ ការមិនពេញចិត្តរបស់ពួកគេ ចំពោះការកើនឡើងថ្លៃចំណាយក្នុងសង្គម និងបានធ្វើឲ្យគ្រួសារជាច្រើន មានជីវភាពលំបាក។
នៅខាងក្រៅសាលប្រជុំទីក្រុងម៉ាឌ្រីដ (Madrid), ក្រុមមនុស្សជាច្រើនពាន់នាក់ បាននាំគ្នាលើកទង់ជាតិអេស្ប៉ាញ និងស្រែកអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ប៉េត្រូ សាន់ឆេស (Pedro Sanchez) មកពីគណបក្សឆ្វេងនិយម លាលែងចេញពីតំណែង។ ក្រុមអ្នកតវ៉ា បានបន្ទោសលើរដ្ឋាភិបាលរបស់លោក សាន់ឆេស ថាមិនបានអើពើចំពោះជីវភាពរបស់ប្រជាជន និងស្នើឲ្យមានសកម្មភាពបន្ធូរបន្ថយតម្លៃក្នុងសង្គម។
សារព័ត៌មាន GLobal Times ក៏បានរាយការណ៍ដោយដកស្រង់ប្រភពពីអ្នកតវ៉ាផងដែរថា «រដ្ឋាភិបាលអេស្ប៉ាញគួរតែបន្ថយពន្ធដើម្បីជួយសម្រួលដល់ប្រជាជនដែលកំពុងជួបការលំបាក»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងទៅ តម្លៃថាមពល ក្នុងប្រទេសអេស្ប៉ាញ បានកើនឡើង ៧២ភាគរយ ដែលជាការកើនឡើង ខ្ពស់បំផុតមួយក្នុងចំណោមប្រទេសនៅអឺរ៉ុប ហើយដោយសារតែវិបត្តិនៅអ៊ុយក្រែនតម្លៃបានកើនឡើងកាន់តែខ្ពស់ជាងមុន បន្ថែមពីលើបញ្ហា បង្កឡើងដោយ COVID-19៕