មេបញ្ជាការរងរុស្ស៊ី លោក Paliy បានបាត់បង់ជីវិតហើយ នៅទីក្រុង Mariupol
គៀវ៖ មេបញ្ជាការរងរុស្ស៊ី ប្រចាំនៅកងកម្លាំងនៅក្នុងសមុទ្រខ្មៅ និងជាមន្ត្រីទ័ពថ្នាក់ទី១ ដែលមានឈ្មោះថា Andrey Paliy ត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិតហើយ នៅក្បែរទីក្រុង Mariupol។ នេះបើយោងតាមការចេញផ្សាយ របស់RT.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ការអះអាងរបស់មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ជាច្រើនរូបដែលមានដូចជាលោក Yekaterina Altabaeva សមាជិកសភានៃតំបន់ Crimea ព្រមទាំងលោកអភិបាលក្រុង Sevastopol គឺលោក Mikhail Razvozhaev ផងដែរដែលមន្ត្រីជាន់ខ្ពស់ទាំងពីរនាក់ គឺជាមនុស្សដ៏ជិតស្និទ្ធជាមួយ នឹងលោក Paliy ហើយពួកគេក៏បានប្រកាសចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារ នៃមេបញ្ជាការរងរូបនេះផងដែរ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ក្រសួងការពារជាតិ នៃប្រទេសរុស្ស៊ី នៅតែបន្តភាពស្ងៀមស្ងាត់ មិនទាន់ធ្វើការអះអាងណាមួយបញ្ជាក់ ពីដំណឹងនេះនៅឡើយទេ។
លោក Paliy គឺជាអ្នកគ្រប់គ្រង ទៅលើកិច្ចការងារផ្លូវច្រករបៀង សម្រាប់ជំនួយមនុស្សធម៌ និងការបង្កើតផ្លូវ សម្រាប់អនុញ្ញាតិ ឲ្យពលរដ្ឋស៊ីវិល ក្នុងការចាកចេញពីទីក្រុង Mariupol ដែលរុស្ស៊ី កំពុងកាន់កាន់នេះ៕