កម្ពុជា-ជប៉ុន ស្នើឱ្យមានការបញ្ឈប់ការប្រើកម្លាំង និងដកកម្លាំងយោធាចេញពីអ៊ុយក្រែន

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន បានទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន។ កាទទួចនេះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វឺមីអូ នៅថ្ងៃទី២០ ខែមិនា​នេះ​ ។

បន្ទាប់ជំនូបភាគី បានចេញសេចក្តីថ្លែងការណ៍រួមមួយបញ្ជាក់ថា «នាយករដ្ឋមន្ត្រីទាំងពីរ បានទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់ថា ការគំរាមកំហែង ឬការប្រើប្រាស់អាវុធមហាប្រល័យគ្រប់ប្រភេទ គឺមិនអាចទទួលយកបានទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ»

នៅក្នុងសេចក្តីថ្លែងការណ៍រួម បានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកទស្សនៈថា ការឈ្លានពានទៅលើរដ្ឋសមាជិកអង្គការសហប្រជាជាតិមួយ ដោយបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនោះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិដែលហាមប្រើប្រាស់កម្លាំង និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ។

ថ្នាក់ដឹកនាំទាំងពីរ បានទទួលស្គាល់ថា ការឈ្លានពាននេះបង្កមហន្តរាយដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ ដែលមិនទទួលយកនូវការកែប្រែជាឯកតោភាគីណាមួយ ចំពោះពំ្រដែនដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងនោះទេ។ ក្នុងស្មារតីដូចគ្នានេះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ផងដែរថា រាល់ការវាយប្រហារប្រដាប់អាវុធទៅលើ និងការគំរាមកំហែងប្រឆាំងនឹងរោង-ចក្រនុយក្លេអ៊ែរ ដែលបង្កើតឡើងក្នុងគោលបំណងសន្តិភាព គឺជាការរំលោភលើច្បាប់អន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds