ពេលឃើញ នីឡា ចូលរោងការ ពាក់មី ស្រាប់តែពោលឈប់ធ្វើរឿងមួយ បើកូនមានការដែរ
ពិតណាស់ តារាកំប្លែងស្រីល្បីឈ្មោះ នីឡា ទីបំផុតបានក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតក្នុងរោងជ័យនៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២ នេះហើយ ដែលគេឃើញថាកម្មវិធីសិរីមង្គលរបស់នាង និង គូដណ្ដឹងបានរៀបចំឡើងយ៉ាងស្អាតប្រណីត និង អាធិកអាធមខ្លាំង។
ម្យ៉ាងវិញទៀត ក្រឡេកមើលទិដ្ឋភាពកម្មវិធីមង្គលនាពេលព្រឹកនេះដែរ គេក៏បានឃើញវត្តមានរបស់បងប្អូនសាច់ញាតិ អ្នកស្និទ្ធស្នាល ក៏ដូចជាសិល្បករ-ការិនីល្បីៗជាច្រើនចូលរួមកម្មវិធីផ្សេងៗនាពេលព្រឹកពេញដោយស្នាមញញឹម និង ចូលរួមធ្វើការសាទរ ក៏ដូចជាជូនពរឱ្យដល់កូនក្រមុំកូនកំលោះផងដែរ។
ក្នុងនោះដែរ គេក៏បានឃើញវត្តមានរបស់តារាកំប្លែងប្រុសដ៏ល្បី ពាក់មី បានដឹកដៃភរិយាចូលរួមកម្មវិធីមង្គលពេលព្រឹករបស់ នីឡា ផងដែរ ព្រមទាំងបានបង្ហោះរូបភាពភ្ជាប់ជាមួយនឹងសារមួយឃ្លាយ៉ាងគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញប្រាប់មហាជនជាមួយនឹងពាក្យលេងសើច បើលោកមានកូនរៀបការ លោកនឹងឈប់ខូចហើយ ដែលសំដៅដល់រឿងខិលខូចគេតែងបង្អាប់លោកជារឿយៗនោះ។
សារនោះ លោក ពាក់មី បានសរសេរថា ៖ «នីឡា ការហើយ តិចទៀតលោកតា វ៉ិចទ័រ មានចៅពរហើយ ចំណែកខ្ញុំ ពេលខ្ញុំមានកូនការដែរ ខ្ញុំឈប់ខូចហើយ»៕