សម្ដេចតេជោ ៖ ខ្ញុំនឹងធ្វើជានាយករដ្ឋមន្ដ្រី រហូតដល់មិនចង់ធ្វើ ដោយលែងកំណត់ឆ្នាំទៀតហើយ
ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ « ភូមិកុមារ SOS ព្រៃវែង » នាព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២២ថា សម្ដេចតេជោ ហ៊ុន សែនប្រកាសសារជាថ្មីថា សម្ដេចនឹងធ្វើជានាយករដ្ឋមន្ដ្រីកម្ពុជា រហូតដល់មិនចង់ធ្វើ ដោយលែងកំណត់ឆ្នាំទៀតហើយ ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មេដឹកនាំកម្ពុជាសព្វថ្ងៃ កើតចំពេល ប្រទេសមានសង្គ្រាម ហើយក៏មានស្ថានភាពដ៏លំបាក ជាពិសេស កម្ពុជាបានឆ្លងកាត់ការលំបាកច្រើនណាស់ ទើបមានការរីកចម្រើនមកដល់សព្វថ្ងៃនេះ ។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំនិយាយសារជាថ្មីថា ខ្ញុំនឹងធ្វើជានាយរដ្ឋមន្ដ្រី រហូតដល់ខ្ញុំ ឈប់ចង់ធ្វើជានាយករដ្ឋមន្ដ្រីចង់អ្នកណា ថាអី ថាទៅ យើងនឹងធ្វើជានាយករដ្ឋមន្ដ្រីរហូតដល់មិនចង់ធ្វើ»។
សម្ដេចតេជោ ក៏បានរំលឹកថា នាពេលដំបូងសម្ដេចក៏បានកំណត់ធ្វើជានាយករដ្ឋមន្ដ្រីរយៈពេល៥ឆ្នាំ ដល់១០ឆ្នាំ ប៉ុន្ដែឥលូវនេះសម្ដេច អត់កំណត់ទៀតឡើយសម្ដេច នឹងធ្វើនាយករដ្ឋមន្ដ្រីរហូតដល់មិនចង់ធ្វើ ។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទៀតថា មានបណ្ដាប្រទេសអ្នកមានមួយចំនួនបានប្រដៅប្រទេសកម្ពុជានោះ សម្ដេចតេជោ បានឆ្លើយតបវិញថា «ពួកអ្នកឯងមានសំណាងល្អ ត្រង់កើតក្នុងប្រទេសអ្នកមានប៉ុណ្ណោះ ប៉ុន្ដែត្រង់ខួរ ក្បាលពួកអ្នកឯង មិនប្រាកដប្រកែជាងខ្ញុំទេ»៕