កាន់តែកាច! លោក វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាអនុញ្ញាតឱ្យរឹបអូសយន្តហោះរាប់រយគ្រឿងដែលផលិតដោយលោកខាងលិច
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតឱ្យរឹបអូសយន្តហោះរាប់រយគ្រឿង ដែលផលិតដោយលោកខាងលិច និងដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី។ យន្តហោះទាំងនោះ ជាកម្មសិទ្ធរបស់អ្នកជួលយន្តហោះ ដែលបានលុបចោលកិច្ចសន្យាបន្ទាប់ពីការទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី គ្រប់គ្រងយន្តហោះរាប់រយគ្រឿង ដែលផលិតដោយលោកខាងលិច ដែលបានជួលពីក្រុមហ៊ុនអន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal ។
ជាមួយគ្នានេះ យោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា យន្តហោះទាំងនោះនឹងត្រូវបញ្ចូលទៅក្នុងបញ្ជីឈ្មោះយន្តហោះរបស់ប្រទេស ហើយត្រូវបានដាក់ពង្រាយនៅលើផ្លូវក្នុងស្រុក។ យ៉ាងណាមិញ ការរឹបអូសនេះអាចបង្កហានិភ័យដល់អ្នកដំណើរ ដោយសារតែយន្តហោះអាចនឹងមិនទទួលបានការជួសជុលថែទាំត្រឹមត្រូវ ដោយសារការដាក់ទណ្ឌកម្ម។
គួរបញ្ជាក់ផងដែរថា ការតតាំងគ្នារវាងរុស្ស៊ី និងអ្នកជួលយន្តហោះបានបន្តចាប់តាំងពីការឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយសហភាពអឺរ៉ុបានបង្ខំបក្រុមហ៊ុនជួលយន្តហោះឱ្យលុបចោលកិច្ចសន្យាជាមួយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីត្រឹមថ្ងៃទី២៨ ខែមីនា មានន័យថា យន្តហោះបរទេសទាំងនោះត្រូវប្រគល់ជូនម្ចាស់របស់ពួកគេវិញ៕