ភរិយា ព្រះរាជអាជ្ញារង លោកម៉ុត ដារ៉ា ចេញសេក្តីចំភ្លឺរឿងដែលថាស្វាមីប្រើហិង្សា និងយកកាំភ្លើងភ្ជង់នោះ ជារឿងមិនពិត
ភ្នំពេញ៖ មួយថ្ងៃបន្ទាប់ពីភរិយាដាក់ពាក្យប្តឹងលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការភ្នំពេញពីបទប្រើហិង្សា និងយកកាំភ្លើងភ្ជង់អ្នកស្រី នៅថ្ងៃទី១៤ ខែមិនា អ្នកស្រី ហេង មួយគា ជាភរិយាចេញសេក្តីចំភ្លឺថា រឿងដែលអ្នកស្រីប្តឹងស្វាមីពីបទប្រើហិង្សា និងយកកាំភ្លើងភ្ជង់នោះ ជារឿងមិនពិត។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់អ្នកស្រី ដែល FAST News ទទួលបាននៅថ្ងៃនេះ។
សេចក្តីបំភ្លឺរបស់អ្នកស្រី ហេង មួយគា បានអោយដឹងថា ជំលោះរវាងអ្នកស្រី នឹងស្វាមីកាលថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២២នេះ ដែលផ្សាយតាមបណ្តាញសង្គម នឹងសារព័ត៌មាននោះ មកពីអ្នកស្រីជ្រុលមាត់និយាយលើសលស់នូវពាក្យសំដីមួយចំនួនដែលប្រាសចាកពីការពិត ព្រោះតែការខឹងបាំងមុខ។
សេចក្តីបំភ្លឺបានបន្តថា ដំបូងឡើយពេលស្វាមីនាងខ្ញុំត្រឡប់ពីធ្វើការវិញប៉ះពារពាក្យសំដីមួយចំនួនរហូតដល់តឹងសរសៃកដាក់គ្នា ពេលនោះស្វាមីអ្នកនាងបានចាប់ដៃនាងខ្ញុំក្នុងបំណងហៅឡើងទៅបន្ទប់ជាន់លើ ដើម្បីសួរនាំដោះស្រាយគ្នា ប៉ុន្តែអ្នកស្រីបដិសេធ ដែលជាហេតុនាំអោយស្វាមីអ្នកស្រីចាប់ច្របាច់ដៃ ដើម្បីទាញឡើងទៅលើជាមួយគ្នានឹងពាក្យសម្ដីប្រកែកគ្នា ពេលនោះអារម្មណ៍អ្នកស្រីខឹងជាខ្លាំងព្រោះស្វាមីនាងព្រោះចាប់ពីចាប់ដៃគ្នាជាប្តីប្រពន្ធជាង ១០ ឆ្នាំមកគាត់មិនដែលប្រពន្ធអាកប្បកិរិយាបែបនេះមកលើអ្នកស្រី និងក្រុមគ្រួសារឡើយ។
នៅក្នុងលិខិតបំភ្លឺដដែលបន្តថា អ្នស្រីពិតជាពិបាកទទួលយកទិដ្ឋភាពបែបនេះណាស់ សេចក្តីក្រោធខឹងរបស់អ្នកស្រីនៅពេលនោះគឺធ្វើឲ្យអារម្មណ៍អ្នកស្រី គិតអ្វីក៏មិនឃើញក្រៅពីខឹងគាត់ឡើយ ហើយរហូតមានពាក្យពេចន៍មួយចំនួនលើសលស់ប្រាសចាកពីការពិត។
ចំណែកពាក្យថា យកកាំភ្លើងមកគំរាមបាញ់សម្លាប់ ឬវាយតប់ផ្សេងៗនោះគឺពុំមានឡើយ ។ គ្រាន់តែគាត់ចាប់ច្របាច់ដៃដើម្បីនាំអ្នកស្រីឡើងទៅលើតែអ្នកស្រីមិនព្រមនោះ គឺមានពិតប្រាកដមែន អ្វីដែលលើសពីនេះទាន់មានទេ។ នេះជាការបញ្ជាក់បន្ថែមនៅក្នុងលិខិតបំភ្លឺរបស់អ្នកស្រី។
សូមបញ្ជាក់ថា ទំនាស់រវាងលោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ជាមួយអ្នកស្រី ហេង មួយគា ជាភរិយា បានផ្អើលដល់ក្រុមអ្នកកាសែត កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដោយ អ្នកស្រី ហេង មួយគា ប្រាប់ក្រុមអ្នកកាសែតថា អ្នកស្រី ត្រូវលោក ម៉ុត ដារ៉ា ប្រើហិង្សាលើ ហើយថែមទាំងយកកាំភ្លើងភ្ជង់អ្នកស្រីទៀតផង។
អ្នកស្រី អះអាងថា វា មិនមែនជាលើកទីមួយនោះទេ ដោយកន្លងមក ស្វាមីរបស់អ្នកស្រី ក៏ធ្លាប់គំរាមកំហែង និងប្រើហិង្សាលើអ្នកស្រីដែរ ដូចជា ទះកំផ្លៀងជាដើម។ អ្នកស្រី រៀបរាប់ថា ស្វាមីរបស់អ្នកស្រី ធ្លាប់បានសុំអ្នកស្រីលែងលះគ្នា តែអ្នកស្រី មិនចង់លែងលះ។ អ្នកស្រី បន្ថែមថា ចាប់តាំងពីអ្នកស្រី បដិសេធការលែងលះមក ជម្លោះរវាងអ្នកស្រី ជាមួយស្វាមី ក៏ចេះតែបន្តកើតឡើងមិនចេះចប់៕