វ៉េណេស៊ុយអេឡាថា នឹងលក់ប្រេងឱ្យសហរដ្ឋអាមេរិក, តែ នៅតែរក្សាភក្ដីភាពចំពោះរុស្ស៊ី
(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក ហ្វេលីគ ផ្លាសិនត្យា (Felix Plasencia) បាននិយាយថាទីក្រុងការ៉ាកាស់បានត្រៀមខ្លួន ជាស្រេច ដើម្បីលក់ប្រេងឱ្យសហរដ្ឋអាមេរិក ប៉ុន្តែនៅតែបន្តរក្សាភាពស្មោះស័្មគ្រចំពោះរុស្ស៊ីជានិច្ច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២។
លោក ផ្លាសិនត្យា ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានតួកគី អាណាឌូលូ (Anadolu) កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡារូបនេះបានបញ្ជាក់ដូច្នេះថា «វានឹងមិនមែនជាទំនាក់ទំនងចម្លែកអ្វីនោះទេ ជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងការ៉ាកាស់នឹងធ្វើការងាររួមគ្នាពាក់ព័ន្ធនឹងប្រេង ពីព្រោះថាវ៉េណេស៊ុយអេឡាបានរកស៊ីប្រេងជាមួយអាមេរិក តាំងតែពីយូរណាស់មកហើយ»។
យ៉ាងណាក៏ដោយ លោក ផ្លាសិនត្យា ក៏បានសង្កត់ធ្ងន់ដែរថាវ៉េណេស៊ុយអេឡា នឹងនៅតែជាសម្ពន្ធមិត្តដ៏ស្មោះត្រង់ជាមួយរដ្ឋាភិបាលរុស្ស៊ី ហើយថា លោក ពូទីន គឺជាមេដឹកនាំប្រកបដោយការទទួលខុសត្រូវម្នាក់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថាបានបើកកិច្ចចរចាជាមួយរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ជុំវិញ ការផ្គត់ផ្គង់ប្រេង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ី។ ឧស្សហកម្មប្រេងរបស់វ៉េណេស៊ុយអេឡា រួមទាំងអ៉ីរ៉ង់ដែលជាមាន ទំនាក់ទំនងល្អជាមួយរុស្ស៊ី សុទ្ធតែកំពុងជាប់ទណ្ឌកម្មលោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកតែម្ដង៕