គម្រោងកាបូនព្រៃឈើតំបន់ជួរភ្នំក្រវាញផ្តល់អត្ថប្រយោជន៍ដល់សហគមន៍សុវណ្ណាបៃតង
ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលត្រូវបានរៀបចំឡើងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅសណ្ឋាគារបៃតង នៅរាជធានីភ្នំពេញ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន នឹងជាមន្ត្រីបង្គោលនៃគម្រោងរេដបូក បានអោយដឹងថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ បានជួយដល់សហគមន៍សុវណ្ណាបៃតងតាំងពីឆ្នាំ២០១៩។
ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានពន្យល់អំពីគម្រោងកាបូនព្រៃឈើរេដបូកតំបន់ជួរភ្នំក្រវាញ បានផ្តល់នូវភាពរីកចម្រើន និងជោគជ័យនៃសហគមន៍មួយនេះ។ គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ផ្តល់ជំនួយហិរញ្ញវត្ថុ ដែលជាលទ្ធផលផ្ទាល់ពីការលក់ឥណទានកាបូនទៅឱ្យក្រុមហ៊ុនអន្តរជាតិ ជាការទូទាត់នឹងការបំភាយឧស្ម័នកាបូនិច តាមរយៈការស្រូបទាញយកកាបូននៃតំបន់ទេសភាពព្រៃទឺកភ្លៀវជួរភ្នំក្រវាញ។
ឯកឧត្តម បន្ថែមនៅឆ្នាំ២០២១ គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញបានផ្លាស់ប្តូរម៉ាស៊ីនបូមទឹកភូមិចំនួន២ ក្នុងចំណោមម៉ាស៊ីនបូមទឹកចំនួន៤ សម្រាប់ប្រព័ន្ធធារាសាស្រ្តនៃដីគ្រួសារចំនួន២២០ និងចំការសហគមន៍ ដែលតំណាងឱ្យការវិនិយោគដ៏សំខាន់មួយ។ កសិកម្មប្រកបដោយនិរន្តរភាពគឺជាផ្នែកមួយនៃគម្រោងលើកកម្ពស់ជីវភាពរស់នៅពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានអោយដឹងថា មុនឆ្នាំ២០០៤ សហគមន៍សុវណ្ណាបៃតងមិនទាន់កើតមានជារូបរាងនៅឡើយទេ។ ប្រជាពលរដ្ឋកាលពីមុនធ្លាប់ប្រកបរបរកសិកម្មបែបពនេចរ និងវិលជុំ និងបរបាញ់សត្វព្រៃដើម្បីរកចំណូលចិញ្ចឹមជីវិត។
កញ្ញាថា ទោះជាយ៉ាងណាក្តី ក្រោមការប្តេជ្ញាចិត្ត និងទទួលបានការគាំទ្រថវិកាពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អង្គការបានជួយដល់ប្រជាពលរដ្ឋឲ្យទទួលបានកម្មសិទ្ធិកាន់កាប់ដីធ្លីអចិន្ត្រៃយ៍សម្រាប់ដាំដុះដំណាំផ្សេងៗ ទទួលបាននូវជំនាញ និងវគ្គបណ្តុះបណ្តាលកសិកម្មបែបទំនើប អមជាមួយនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ ប្រជាពលរដ្ឋត្រូវបានផ្តល់វត្ថុធាតុដើមកសិកម្ម កូនឈើហូបផ្លែ គ្រាប់ពូជបន្លែ ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត បសុសត្វតូចៗ ហើយត្រូវបានគាំទ្រក្នុងការអភិវឌ្ឍន៍ឃ្លាំងកសិកម្ម និងសមាគមកសិកម្ម។
កញ្ញាបន្ថែមថា សុវណ្ណាបៃតង គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ចំនួន២៩ ដែលទទួលបានអត្ថប្រយោជន៍ពីជំនួយហិរញ្ញវត្ថុដែលផ្តល់ដោយគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ។ ជិត២០ឆ្នាំមុន អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍កសិកម្មសហគមន៍ក្នុងស្រុកបទុមសាគរ ក្នុងខេត្តកោះកុង។ កញ្ញាបណ្ឌិតបន្ថែមថា គម្រោងបានផ្តល់អត្ថប្រយោជន៍ដល់ទាំងមនុស្ស និងព្រៃឈើ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ក្នុងឱកាសនោះ បានស្នើសុំឱ្យសហគមន៍ទាំង ២៩ ក្រោមគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ អនុវត្តតាមគំរូជោគជ័យរបស់សហគមន៍សុវណ្ណាបៃតង ដើម្បីទទួលបាននូវជីវភាពរស់នៅរីកចម្រើនទៅមុខ៕