ចាក់ឲ្យពេញទាន់នៅតម្លៃថោក! អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មថា សប្ដាហ៍ក្រោយសាំងនឹងឡើងថ្លៃដល់…
តម្លៃប្រេងសាំងនៅកម្ពុជា នឹងហក់ឡើងថ្លៃមួយកម្រិតទៀត ខ្ទង់ជាង ៥ពាន់រៀល នៅសប្តាហ៍ក្រោយនេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ដល់សារព័ត៌មានក្នុងស្រុក នៅល្ងាចថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២ថា នៅសប្តាហ៍ក្រោយនេះ ប្រេងសាំងធម្មតា នឹងឡើងថ្លៃជាង ៥ពាន់រៀល ខណៈម៉ាស៊ូត នៅតម្លៃជាង ៤ពាន់រៀល។
លោក សុវិជាតិ គូសបញ្ជាក់ថា « ក្រសួងពាណិជ្ជកម្មនឹងកោះប្រជុំរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហានេះ»។
ចាប់ពីថ្ងៃទី ០១ ខែមីនា ដល់ទី ១៥ មីនា ចំពោះប្រេងសាំងធម្មតា មានតម្លៃ ៤៨០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤៥០០រៀល ក្នុង១លីត្រ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
អ្នកនាំពាក្យបន្តថា បច្ចុប្បន្នកម្ពុជា នាំចូលប្រេងពីសិង្ហបុរី ថៃ វៀតណាម។ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រេងឆៅលើពិភពលោកឡើងថ្លៃពី ៩០ដុល្លារ ក្នុង១បារ៉ែល ដល់ជាង ១៣០ដុល្លារ ក្នុង១បារ៉ែល។
មន្រ្តីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា នៅកាលៈទេសៈនេះ រាជរដ្ឋាភិបាល ប្រឹងប្រែងធានាឲ្យបាន ទី១ ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ ទី២ ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន។
លោកថា រាជរដ្ឋាភិបាល កំពុងស្វែងរកវិធានការដែលប្រសើរបំផុត ដែលអាចទទួលយកបានទាំងសងខាង ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋដែលជាតំណាងអ្នកប្រើប្រាស់ទូទៅ៕