ក្ដៅៗ! CPU ថាក្រុមការងារ ប្រមូលភស្តុតាងសំខាន់ៗបានច្រើន ក្នុងករណីឃា-តក-ម្ម លើក្មេងស្រីអាយុ ៧ ឆ្នាំ
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ នេះ តាមរយៈអង្គភាព CPU លោក James McCabe នាយកប្រតិបត្តិ អង្គភាពការពារកុមារ (CPU) បានលើកឡើង ករណីឃាតកម្មទៅលើកុមារអាយុ ៧ ឆ្នាំ ឱ្យបានដឹងថា «ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំពេញភារកិច្ចបានយ៉ាងល្អត្រឹមត្រូវ ក្នុងការស៊ើបសួរព័ត៌មានបឋម និង ការការពារកន្លែងកើតហេតុ ដូច្នេះធ្វើឱ្យមន្ត្រីជំនាញកោសល្យវិច័យ អាចប្រមូលភស្តុតាងសំខាន់ៗបានជាច្រើន»។
បន្ថែមលើសពីនេះ លោកបានឱ្យដឹងទៀតថា បេសកកម្មនេះ នៅមានសំណួរជាច្រើន ដែលមិនទាន់មានចម្លើយ ប៉ុន្តែលោកជឿជាក់ថា ក្រុមការងារចម្រុះនឹងស្វែងរកចម្លើយទាំងឡាយ ពាក់ព័ន្ធទៅនឹងសកម្មភាពដែលបានកើតឡើងទៅលើក្មេងស្រីរងគ្រោះនេះ ខណៈលោកបានស្នើសុំដល់មហាជនទាំងអស់គ្នា ប្រសិនបើមានព័ត៌មាន ឬ បានឃើញជនរងគ្រោះ ពេលកំពុងដើរទៅសាលា សូមផ្តល់ព័ត៌មាននេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឬ អង្គភាពការពារកុមារ (CPU)។
គួររំឭកផងដែរថា កាលពីថ្ងៃទី ៩ ខែមីនា វេលាម៉ោង ៦ និង ៥០ នាទីព្រឹក ក្មេងស្រីរងគ្រោះបានធ្វើដំណើរចេញពីផ្ទះឆ្ពោះទៅសាលារៀន។ លុះម៉ោង ១១ និង ៣០ នាទីថ្ងៃត្រង់ ឪពុករបស់ក្មេងស្រី បានរាយការណ៍ថា មិនឃើញក្មេងស្រីនេះត្រឡប់មកផ្ទះវិញ ទើបតាមរករហូតនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ សាកសពរបស់ក្មេងស្រី ត្រូវបានគេរកឃើញដោយកត់សំគាល់ថា មានការប៉ុនប៉ងកប់លាក់បាំងសាកសព។
ក្រោយទទួលដំណឹងនេះ CPU បានបញ្ជូនក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និង ក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) ទៅកន្លែងកើតហេតុ ដោយពិនិត្យកោសល្យវិច័យ និង ពិនិត្យកន្លែងកើតហេតុ តាមរយៈក្រុមការងារចម្រុះ CHARLIE22 ដែលបានបង្កើតឡើង ដោយមានកិច្ចសហប្រតិបត្តិការរវាងអង្គភាព CPU ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា, ក្រសួងមហាផ្ទៃ និង នាយកដ្ឋានបច្ចេកទេស និង វិទ្យាសាស្រ្ត ក្រោមការដឹកនាំរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ៕
ប្រភព ៖ អង្គភាពការពារកុមារ CPU