សម្តេច ស ខេង បញ្ជាដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្ដិសុខ ឲ្យបានសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ
បាត់ដំបង៖ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាដល់សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវការពារសន្ដិសុខ ឲ្យបានសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ដើម្បីបង្ហាញឲ្យអន្ដរជាតិ ឃើញពីភាពរីកចម្រើន និងចាស់ទុំខាង នយោបាយរបស់កម្ពុជា ។
សម្ដេច ស ខេង បានណែនាំសមត្ថកិច្ច ត្រូវមានភារកិច្ចការពារ គ្រប់គណបក្សនយោបាយ ក្នុង នាមជាមន្ដ្រីមុខងាសាធារណៈ ដោយមិនលំអៀង ។ «នៅពេលដោះស័ក្តិចេញ ទាំងមន្ដ្រី នគរបាល កងរាជអាវុធហត្ថ កងយុទ្ធពលខេមរៈភូមិន្ទ មន្ដ្រីរាជការស៊ីវិល មានសិទ្ធពេញទី ក្នុងការធ្វើការងារនយោបាយ សម្រាប់ការងារផល ប្រយោជន៍ដែលខ្លួនប្រកាន់យក»។
សម្ដេច បញ្ជាក់ថា «យើងត្រូវរៀបចំផែនការលំអិត ដើម្បីបម្រើឲ្យការពារសន្ដិសុខ សម្រាប់ការបោះឆ្នោតជ្រើសររើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានល្អជាដាច់ខាត ដើម្បីបង្ហាញឲ្យអន្ដរជាតិឃើញអំពីភាពរីកចម្រើន ភាពចាស់ទុំ នយោបាយ និងការទទួលខុសត្រូវរបស់កម្ពុជា»។
សម្ដេច ស ខេង ថា សមត្ថកិច្ចត្រូវការពារកិច្ចដំណើរការនៃលទ្ធប្រជាធិបតេយ្យ សេរីពហុបក្ស នៅប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើរ ពិសេស សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាកុំឲ្យមានអំពើហិង្សា ក្នុងនាមអាជ្ញាធរ សាធារណៈ ព្រមទាំង ត្រូវការពារគ្រប់គណបក្ស នយោបាយ មុនពេលបោះឆ្នោត កំពុងបោះឆ្នោត ក្រោយបោះឆ្នោតចប់សព្វគ្រប់។
សូមបញ្ជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ នៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ៕