សម្តេច ស ខេង ៖ ព្រៃឈើ ពីមុន មើលមេឃ មើលថ្ងៃមិនឃើញ តែឥឡូវនេះ រកន្លែងជ្រកថ្ងៃអត់បាន

បាត់ដំបង​៖ ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ សម្តេច ស ខេង បានរំលឹកពីព្រៃឈើ​ដែលសម្តេចថា [ព្រៃឈើ] ពីមុន មើលមេឃមិនឃើញ មើលថ្ងៃមិនឃើញទេ តែឥឡូវនេះ រកន្លែងជ្រកបាំងថ្ងៃអត់បាន»។

សម្តេច លើកយកករណីខេត្តបាត់ដំបង ថា កាលពីដើម ខេត្តបាត់ដំបង និងបណ្តាស្រុកមួយចំនួនរបស់ខេត្តបាត់ដំបង ដែលនៅតាមព្រំដែន សុទ្ធតែព្រៃឈើ។ សម្តេច បន្តថា ទោះមកដល់ទសវត្សរ៍៩០ ក៏ព្រៃឈើ នៅសល់ច្រើនដែរ។ ប៉ុន្តែ សម្តេច អះអាងថា មកដល់បច្ចុប្បន្ន ព្រៃឈើ ដែលជាធនធានធម្មជាតិ នៅសល់តិចតួចប៉ុណ្ណោះ។

សម្តេច លើកឡើងថា ព្រៃឈើចាប់ពីស្រុកសំឡូតខេត្តបាត់ដំបង រហូតទៅដល់ព្រំប្រទល់ខេត្តកោះកុង កំពុងរងការទន្រ្ទាន។ សម្តេច បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យមើលការទន្ទ្រាន និងការកាប់បំផ្លាញព្រៃឈើក្នុងស្រុកសំឡូត។ វា ជាការងាយស្រួលណាស់ ដោយអាជ្ញាធរ អាចស្នើសុំអ៊ីឌីកុបទ័រ (Helicopter) ណាមួយ ឬប្រើត្រូន (Drone) ដើម្បីថតមើលពីខាងលើក្នុងតំបន់ព្រៃឈើ ដែលរងការទន្ទ្រាននោះ។

សម្តេច សង្កត់ធ្ងន់ថា ទោះអ្នកទន្រ្ទាននោះ ជាអ្នកណាក៏ដោយ ក៏ត្រូវតែទប់ស្កាត់ដែរ។ «សូមឲ្យរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកសំឡូត ហើយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំឡូត មើលកន្លែងហ្នឹង ហើយទប់ស្កាត់។ បើមិនអ៊ីចឹង [ធនធានធម្មជាតិ] អស់តែម្តង អស់ហើយ កូនចៅយើង ជេរយើងហើយ»។

របាយការណ៍ពីក្រសួងបរិស្ថាន ដែលចេញញផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងឆ្នាំ១៩៦៥ ផ្ទៃដីកម្ពុជាដល់ទៅ៧៣ភាគរយ ដែលគ្របដណ្តប់ដោយព្រៃឈើ ប៉ុន្តែមកដល់ត្រឹមឆ្នាំ២០១៨ ព្រៃឈើ បានថយមកនៅសល់ក្រោម៤៧ភាគរយលើផ្ទៃដីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds