គ្រូៗដែលគំរាម និងកៀបសិស្សឲ្យទៅរៀនគួរពិសេសតម្លៃ 30$ ទៅ 50$ ក្នុងមួយខែ រងការព្រមានហើយពេលនេះ
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានចេញលិខិតកាលពីថ្ងៃទី០៧ មីនា ២០២២ បានជម្រាបមកលោក-លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា
នៃរដ្ឋបាលក្រុង/ស្រុកឲ្យធ្វើការណែនាំ និងផ្សព្វផ្សាយបន្ថែម ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវហាម ដល់លោកគ្រូ-អ្នកគ្រូ ដែលបើកបង្រៀនឯកជន (រៀនគួរពិសេស) ។
ការហាមបើកបង្រៀនគួរពិសេសនេះ ដោយយោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលសិស្សានុសិស្ស ដែលរដ្ឋបាលខេត្តកំពង់ចាម ទទួលបានជុំវិញភាពមិនប្រក្រតី ក្នុងការបង្រៀនគួររបស់លោកគ្រូ អ្នកគ្រូ។
ជាមួយគ្នានេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម នឹងរឹតបន្តឹង និងមានវិធានការ ចំពោះលោកគ្រូ អ្នកគ្រូមួយចំនួនតូច ដែលបានគំរាម និងកៀបសង្កត់សិស្ស ឲ្យទៅរៀនគួរពិសេសជាមួយខ្លួន ដែលមានតម្លៃខ្ពស់ គឺ30$ រហូត 50$ និងតម្លៃលើសពីនេះ ក្នុងសិស្សមួយនាក់ សម្រាប់មួយខែ ។
នៅថ្ងៃទី០៩ មីនា ២០២២ ម្សិលមិញនេះ លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ក៏បានចុះពិនិត្យមើលការបង្រៀន និងរៀន នៅបឋមសិក្សាស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ៕