អភិបាលរងខេត្តតាកែវ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នក ឈួសឆាយដីរដ្ឋ
តាកែវ ៖ ក្នុងកិច្ចប្រជុំ ស្ដីពី លទ្ធផលចុះពិនិត្យ និងបោះបង្គោលព្រំដីផ្ទៀងផ្ទាត់ទីតាំង កាប់រុករានឈូសឆាយជាក់ស្ដែង នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ អះអាងថាការឈួសឆាយដីរដ្ឋ យកមកកាន់កាប់ជាអំពើល្មើសច្បាប់ និងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបំពាន។
លោក ខាន់ សុខា បានជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើការដោះស្រាយ និងណែនាំដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពរុករានឈួសឆាយដីព្រៃឈើរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិតទៅ ទៀត។ បើមិនដូច្នោះទេ អាជ្ញាធរនឹងអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំ ស្ដីពី លទ្ធផលចុះពិនិត្យ និងបោះបង្គោលព្រំផ្ទៀងផ្ទាត់ទីតាំងកាប់រុករានឈូសឆាយដីរដ្ឋនេះ មានការចូលរួមពីលោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ លោកប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមទាំងលោកអភិបាលរងស្រុកទ្រាំង និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋានជាច្រើនរូប ផងដែរ៕