គ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈ មានការថយចុះជាងខែមករា ប៉ុន្តែអ្នកស្លាប់បានកើនឡើង
ភ្នំពេញ៖ សម្តេចក្រឡាហោមស ខេង បានអោយដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកុម្ភៈឆ្នាំ២០២២នេះ ដែលចំនួនគ្រោះថ្នាក់មានការថយចុះជាងខែមករា ប៉ុន្តែ និងករណីស្លាប់បានកើនឡើងធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ខណៈចំនួនអ្នករងរបួសបានថយចុះ។ នេះបើយោងតាមរបាយការណ៍ផ្ដល់ដោយមន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ។
របាយការណ៍ បានអោយដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២៥៦លើក បណ្ដាលឱ្យមានអ្នកស្លាប់១៤៣នាក់ និងរបួស៣៤៩នាក់ ក្នុងនោះរបួសធ្ងន់២១៩នាក់។ ស្ថានភាពនេះបើប្រៀបធៀបនឹងខែមករា គឺករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៨៧លើក ស្លាប់ថយ៥២នាក់ និងរបួសថយចុះ១០៤នាក់ ប៉ុន្តែចំនួននេះបើប្រៀបធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១វិញ គឺមានការកើនឡើងចំនួន៥លើក ស្លាប់កើនឡើង១៦នាក់ និងដោយឡែកករណីរងរបួសបានថយចុះ៦៦នាក់។
ជារួមស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅតែស្ថិតក្នុងការប្រឈមខ្ពស់នៅឡើយ ទាំងចំនួនករណីអ្នកស្លាប់ និងអ្នករងរបួស ដែលក៏អាចឱ្យយើងប្រៀបធៀបបានថាមានកម្រិតខ្ពស់ជាងអ្នកស្លាប់ដោយជំងឺកូវីដ-១៩នៅកម្ពុជានាបច្ចុប្បនេះ និងគ្រោះថ្នាក់ សង្គមផ្សេងទៀត។
សម្តេចបន្ថែមថា ក្នុងចំណោមការប្រឈមនៃស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ មន្ត្រីជំនាញបានកត់សម្គាល់ ឃើញថាបញ្ហាធំជាងគេគឺការមិនគោរពច្បាប់ ដូចជាការបើកបរធ្វេសប្រហែស ការបើកបរលឿន ការបើកបរមិនគោរពសិទ្ធ មិនប្រកាន់ស្តាំ ការបើកបរជែង បត់ឆ្វេង-ស្តាំមិនប្រយ័ត្ន និងបើកបរពេលស្រវឹងជាដើម។
ជាមួយគ្នានេះដែរសម្តេចធ្វើការក្រើនរំលឹកដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកទាំងអស់ បង្កើនការបន្តរឹតបន្តឹងការអនុវត្តច្បាប់ឱ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខសុវត្ថិ ភាព និងអាយុជីវិតប្រជាពលរដ្ឋ។
ចំពោះស្ថាប័នពាក់ព័ន្ធបង្កើនការរៀបចំឱ្យមានគំនូសសញ្ញា ភ្លើងសញ្ញា និងស្លាកសញ្ញាចរាចរណ៍ផ្សេងៗឲ្យបានគ្រប់គ្រាន់តាមដងផ្លូវ ដើម្បីក្រើនរំលឹក និងពញ្ញាក់អារម្មណ៍អ្នកបើកបរឲ្យគោរពច្បាប់ និងមានការប្រុងប្រយ័ត្ន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕