សហគមន៍ភូមិសុវណ្ណាបៃតងប្រកាសពីភាពជោគជ័យចំពោះមុខរបរថ្មីនៃការធ្វើកសិកម្ម ដាំដំណាំផ្សេងៗ

កោះកុង៖ ពលរដ្ឋជាង ២០០ គ្រួសារ នៅសហគមន៍ភូមិសុវណ្ណាបៃតងក្នុងខេត្តកោះកុងដែលបង្កើតឡើងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (wildlife alliance) កាលពីជាង ១០ ឆ្នាំមុន បច្ចុប្បន្នកំពុងជោគជ័យចំពោះមុខរបរថ្មីនៃការធ្វើកសិកម្ម ដាំដំណាំផ្សេងៗ។

ថ្លែងក្នុងសន្និសិទកាសែតស្តីពីភាពជោគជ័យនៃសហគមន៍សុវណ្ណាបៃតង នារសៀលថ្ងៃទី ៩ មិនា នេះ លោកអាត ណុច ប្រធានសហគមន៍សុវណ្ណាបៃតង បានអោយដឹងថា សហគមន៍សុវណ្ណាបៃតងបង្ហាញវឌ្ឍនភាពរបស់ខ្លួននិងមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះចាប់ផ្ដើមនៅឆ្នាំ ២០០៤ វាត្រូវបានបង្កើតឡើងដោយមានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងជំនួយពីទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក ( USAID ) ដែលមានចំនួនគ្រួសាររស់នៅជាង១០០គ្រួសារប៉ុណ្ណោះ។

លោកបន្ថែមថា ឥឡូវនេះគ្រួសារប្រមាណជាជាង ២៥០ គ្រួសារដែលកំពុងរស់នៅនិងទទួលអត្ថប្រយោជន៍​ពីគម្រោង​រ៉េដបូកតំបន់ជួរភ្នំក្រវាញ​ និងគម្រោងសុវណ្ណាបៃតង។ រយៈពេលប៉ុន្មានឆ្នាំនេះសហគមន៍ទទួលបានជោគជ័យច្រើនដូចជាក្នុងឆ្នាំ២០១៣ សហគមន៍ត្រូវបានបង្កើតឡើងដំណាំផ្លែឈើហូបផ្លែជាច្រើនប្រភេទត្រូវបានដាំរួមមាន ៖ ធុរេន សៅម៉ាវនិងមានជាដើម។

លោកបន្ថែមថា នៅដើមឆ្នាំ២០១៧ សហគមន៍សិប្បកម្មសុវណ្ណាបៃតងត្រូវបានចិត្តឲ្យទទួលខុសត្រូវលើការគ្រប់គ្រងទីតាំងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃបន្តផ្ដល់ជំនួយបច្ចេកទេស។ បច្ចុប្បន្នមានដើមឈើហូបផ្លែជាង៣ ពាន់ដើមនៅសហគមន៍សុវណ្ណាបៃតងដែលជាចម្ការសហគមន៍គ្រប់ផ្ទៃដី ២០ហិកតា ។ក្រៅពីដើមឈើហូបផ្លែដំណាំផ្សេងទៀតត្រូវដាំរួមមានសណ្ដែកគួរឪឡឹកនិងម្ទេសជាដើម។

បើតាមលោក អាត់ ណុច ថ្លែងថា គម្រោងអភិវឌ្ឍន៍កសិកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះគឺបានធ្វើឱ្យពលរដ្ឋក្នុងសហគមន៍សប្បាយរីករាយយ៉ាងខ្លាំងដោយសារពួកគាត់ទទួលបានដីកាន់កាប់អចិន្រៃ្តយ៍ និងស្របច្បាប់ ហើយទទួលបានការបណ្ដុះបណ្ដាលអំពីបច្ចេកទេសធ្វើកសិកម្ម ដើម្បីដាំដំណាំជាយុទ្ធសាស្ដ្រនៅក្នុងដីឡូត៍នីមួយៗរហូតទទួលបានជោគជ័យ។

ចំណែកកញ្ញា ស៊ូវណ្ណា ហ្គោនឡែត ប្រធានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រជាពលរដ្ឋដែលផ្លាស់ទីមករស់នៅក្នុងសហគមន៍ភូមិសុវណ្ណបៃតង ឃុំកណ្ដោល ស្រុកបទុមសាគរខេត្តកោះកុង ក្រោមគម្រោងអភិវឌ្ឍន៍កសិកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទទួលបានដីសម្បទានសង្គមកិច្ចគឺក្នុង ១ គ្រួសារបានដីទទឹង ២៥ ម៉ែត្រ និងបណ្ដោយ ៦០០ ម៉ែត្រ ដើម្បីធ្វើដីភូមិ ដីចម្ការ និងដីសម្រាប់ដំណាំហូបផ្លែផ្សេងៗដើម្បីកាត់ផ្ដាច់មុខរបររបស់ពួកគាត់ពីមុនមក ដែលធ្លាប់ចូលព្រៃប្រមូលអនុផលព្រៃឈើ កាប់ឈើ និងបរបាញ់សត្វព្រៃ។

កញ្ញាថា៖ «នេះគឺជាការអនុវត្តគម្រោងដែលជំរុញឱ្យមានការផ្លាស់ប្ដូរជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ហើយដើម្បីឱ្យពួកគាត់មានភាពនឹងនរ ដោយសារទី១ មានដីកម្មសិទ្ធិ ទី២ មានមុខរបរ ទី៣ មានចំណូល និងទី៤ មានសុវត្ថិភាពសម្រាប់ការរស់នៅរបស់ពួកគាត់។

កញ្ញា បន្តទៀតថា ការមករស់នៅក្នុងសហគមន៍គឺមានភាពងាយស្រួលជាងមុន ដោយសារតែមានសាលារៀន មន្ទីរពេទ្យ និងផ្សារនៅជិតផ្ទះដែលកូនៗអាចមានឱកាសបានរៀនចប់វិទ្យាល័យ ហើយខ្លះរហូតអាចបន្តការសិក្សានៅសាកលវិទ្យាល័យនៅភ្នំពេញថែមទៀត។

ឯកឧត្តម ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា ការបង្កើតសហគមន៍សុវណ្ណាបៃតងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃតាមរយៈការគិតគូរអំពីជីវភាពរបស់ពលរដ្ឋនេះ គឺជាវិធានការមួយដ៏មានប្រសិទ្ធភាពក្នុងការពង្រឹង ការពារ និងអភិរក្សធនធានធម្មជាតិ ខណៈក្រសួងក៏កំពុងពង្រឹងតួនាទីរបស់ប្រជាពលរដ្ឋនៅតាមតំបន់ការពារ និងអភិរក្សធនធានធម្មជាតិជាតិផ្សេងទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds