អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មិនគាំទ្រចំពោះការយក​ទង់​ជាតិ​ខ្មែរ ​ទៅច្នៃ​ធ្វើ​ជាម៉ូដសម្លៀក​បំពាក់

ភ្នំពេញ៖ បន្ទាប់ពី​អ្នកចំរៀង​ និងអ្នកសំដែង​ជាច្រើន បានស្លៀកពាក់ឈុតទង់ជាតិ ក្នុងម៉ូដបុរាណ​ ហើយបានទៅថត​នៅប្រាសាទអង្គរវត្ត និងបង្ហោះ​ព្រោងព្រាត​តាមហ្វេសប៊ុក អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រកាស មិនគាំទ្រចំពោះការយក​ទង់​ជាតិ​ខ្មែរ ​ទៅច្នៃ​ធ្វើ​ជាម៉ូដ កាត់ជាសម្លៀក​បំពាក់ឡើយ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាជាតិអប្សរាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នេះ ​ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិ​ខ្មែរ មកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិ តែងតែ​ត្រូវបានបង្ហូ​ត​ឡើងលើ ដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ​។ ​ទង់ជាតិ ​គឺ​ជានិមិត្តរូបជាតិ​​។

លោក ឡុង កុសល​ បន្ត​ថា​ ទង់ជាតិ ​​ត្រូវបានគោរព ដោយ​ស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិ​មាតុ​ភូមិ​​។ ម្យ៉ាងទៀត ទង់ជាតិ ក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស​សម្រាប់​វីរជន យុទ្ធជន យុទ្ធនារី ដែល​បានពលីជីវិត​នៅពេលបានចេញ​ច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញ​បេសកកម្ម​មនុស្សធម៌​នៅក្រៅ គឺ​ជាតិ​តែងដឹង​គុណ និង​យកទង់ជាតិទៅគ្រងពីលើ ដើម្បីសម្តែងការគោរព​ និងដឹងគុណ។

លោកថា ការយករូបភាពទង់ជាតិ​មកធ្វើ​ជា​សំលៀក​បំពាក់ គឺមិនសមរម្យទេ ព្រោះការ​យក​ទង់​ជា​តិ​ខ្មែរ ទៅ​ច្នៃ​ធ្វើជាម៉ូដសម្លៀកបំពាក់​ អាចជាការប្រមាថ ដូចជា ​នៅពេលដែល​គេ​ស្លៀ​ក​ពាក់ គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏​នៅពេល​ដែល​សម្លៀក​បំ​ពាក់​នោះ ​ប្រឡាក់ អ្នកខ្លះ មិនបានយក​ទៅ​បោក​សម្អាតទេ បែរជាយក​ទៅ​ទុកចោល ​ជាដើម​។ ​

លោក ឡុង កុសល បន្ថែមថា ​ប្រសិនបើចង់បង្ហាញ​ឱ្យឃើញពី​ទឹក​ចិត្ត​ស្រឡាញ់ជាតិ​ពិត​មែននោះ គឺ​នៅ​ពេល​​មកទស្សនាតំបន់អង្គរ ដែលជាសម្បត្តិវប្បធម៌ និង​បេតិ​ក​ភណ្ឌ​របស់មនុស្ស​ជាតិ ​សូម​ជួយ​ចូល​រួមការពារបរិស្ថាន កុំបោះសំរាមចោល ​នៅក្នុងរមណីយដ្ឋាន​អង្គរ​ ត្រូវ​ធ្វើ​ដំណើរថ្មើរជើង ចូលតំបន់អង្គរ ទៅតាមផ្លូវ ដែលបានរៀបចំ​ជូន កុំដើរជាន់ស្មៅ ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅ​ទទួលទាន​នៅទីតាំងហាមឃាត់ ក្នុងតំបន់​បេតិកភណ្ឌ កុំទិញ​លក់ដី និងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់ការពារ ​និងគួរចតយានជំនិះ នៅកន្លែង​ចំណ​ត ដើម្បីកុំឱ្យខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ ​និង​ស្ទះផ្លូវជាដើម។ ទាំងនេះ នឹងនាំមកនូវមោទកភាព​ដល់ជាតិ​ខ្មែរដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds