បាញ់សម្លាប់ប្រពន្ធភេរវករម្នាក់ ក្រោយលួចយកកាំបិតចូលពន្ធនាគារឲ្យ​ប្ដីចាក់មន្ត្រី ២នាក់

ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ម៉ោង09:20 AM

(ដោយ៖ យឺន សីហា)

ស្ត្រី​ពោះ​ធំ​ដែល​ជា​ប្រពន្ធ​របស់​ភេរវករ​ជាប់​ទោស​ម្នាក់ ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​កាល​ពី​យប់​មិញ ក្រោយ​លួច​យក​កាំបិត​ចូល​ក្នុង​គុក​ឲ្យ​ប្ដី​របស់​ខ្លួន​ចាក់​សម្លាប់​មន្ត្រី​ប៉ូលិស​២​នាក់​នៅ​មន្ទីរ​ឃុំឃាំង Condé-sur-Sarthe ប្រទេស​បារាំង។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា លោក Michael Chiolo វ័យ​២៧​ឆ្នាំ​ដែល​ជា​សកម្មប្រយុទ្ធ​របស់​ក្រុម​ជីហាត ត្រូវ​បាន​រង​របួស​ធ្ងន់​នៅ​មុន​ពេល​ចាប់​ខ្លួន។ ចំណែក​ឯ​ប្រពន្ធ​របស់​លោក មិន​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ឈ្មោះ​នោះ​ទេ ប៉ុន្តែ​នាង​បាន​លួច​យក​កាំ​បិត​សេរ៉ាមិច​ចូល​ក្នុង​គុក​ខណៈ​ពេល​ដែល​ជួប​សួរ​សុខទុក្ខ​ប្ដី​របស់​ខ្លួន។ ក្រោយ​មក​លោក Michael បាន​ចាក់​ទៅ​លើ​មន្ត្រី​ពន្ធនាគារ​ម្នាក់​ចំ​ទ្រូង និង​ម្នាក់​ទៀត​ចំ​ខ្នង និង​មុខ ប៉ុន្តែ​ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល និង​មិន​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​នោះ​ទេ។

ក្រោយ​ការ​ចាក់​កាំបិត​ទៅ​លើ​មន្ត្រី ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​បន្ដ​សំងំ​ក្នុង​បន្ទប់​សួរ​សុខ​ទុក្ខ​រហូត​ដល់​ម៉ោង ៦​ល្ងាច​ទើប​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​មក​ដល់ និង​ទម្លុះ​ចូល​ទៅ​ក្នុង​បន្ទប់​របស់​ពួកគេ​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​ប្រហារ និង​សម្លេង​ផ្ទុះ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​ជន​ល្មើស​ស្លាប់​បាត់​បង់​ជីវិត។

(ជនល្មើស Michael Chiolo)

គួរ​ឲ្យ​ដឹង​ថា លោក Michael ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ២៨​ឆ្នាំ​ពីបទ​ចាប់​ជំរិត, ការ​ធ្វើ​ទារុណកម្ម និង​សម្លាប់​ជន​ជាតិ​ជ្វីស​វ័យ ៨៩​ឆ្នាំ​ម្នាក់​កាល​ពី​ឆ្នាំ​ ២០១២៕

ប្រភព៖ Sabay

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds