អភិបាលស្រុកព្រែកប្រសព្វ ៖ ការប្រមូលទិញដំឡូងមីទាំងស្រស់និងក្រៀមកំពុងមានហាងឆេងល្អ
ក្រចេះ ៖ លោក ហង្ស ចាន់ឌី អភិបាលស្រុកព្រែកប្រសព្វបានអោយថា ការប្រមូលទិញដំឡូងមីទាំងស្រស់និងក្រៀមកំពុងមានហាងឆេងល្អ គួរអោយកត់សម្គាល់។
លោកបន្ថែមថា ជាក់ស្តែង នៅស្រុកព្រែកប្រសព្វដែលលោកកំពុងមើលការខុសត្រូវមានសកម្មភាពទិញលក់ច្រើនគ្មានថ្ងៃលោះឡើយ ហើយប្រជាពលរដ្ឋរីករាយ សប្បាយចិត្ត និងការប្រមូលផលដំឡូងមីនេះ។
លោកថា ជាទូទៅ តម្លៃដំឡូងមីឆ្នាំនេះ គឺក្នុង១គីឡូក្រាមលក់បានចាប់ពី៣០០រៀលទៅ៤០០រៀល សម្រាប់ដំឡូងស្រស់ ដោយឡែកដំឡូងក្រៀមចាប់ពី៧០០រៀល ទៅ៨០០រៀលក្នុង១គីឡូក្រាម ។
លោកបន្ថែមថា ប្រជាពលរដ្ឋនៅស្រុកព្រែកប្រសព្វភាគច្រើនធ្វើកសិកម្មផ្តោតលើចំការតែម្តង ហើយផ្ទៃដីកសិកម្មនៅស្រុកព្រែកប្រសព្វមានជាង៦០%នៃផ្ទៃដីសរុបឯណោះ ប្រសិនបងប្អូនមានបំណងចង់ប្រកបរបររកស៊ីវិស័យកសិម្មអាចអញ្ជើញមកសិក្សានិងដាក់ទុននៅទីនេះ ព្រោះបន្តិចទៀតតំបន់នេះក្លាយជាតំបន់សក្កានុពលខ្លាំងលើវិស័យកសិម្ម ដោយសារមានស្ពានឆ្លងទន្លេរពីខេត្តក្រចេះ រត់កាត់ទៅខេត្តកំពង់ធំ ចូលខេត្តសៀមរាបទៀតផង។
រីឯប្រធានមន្ទីរពាណិជ្ជកម្មក៏បានបង្ហើបដែរថា ដំឡូងមីពិតជាដំណាំអទិភាពដោយសារមិនខ្វះទីផ្សារទាំងក្នុងស្រុក និងនាំចូលទៅបរទេស។ បច្ចុប្បន្ន ក្រុមឈ្មួញស្ទើគ្មានដំឡូងទិញដឹកចូលរោងចក្រនិងនាំចេញទៀតផងហើយតម្លៃក៏ប្រកួតប្រជែងខ្លាំងដែរ។ ដូច្នេះ លោកលើកទឹកចិត្តកសិករព្យាយាមដាំដំណាំនេះអោយបានច្រើន ហើយជាពិសេស ស្វែងរកសិក្សាបច្ចេកទេសដាំអោយបានផលច្រើនជាងរាល់ដង ៕